ចក្រភពអង់គ្លេសនឹងបញ្ជូននាវាចម្បាំង ២គ្រឿង ឱ្យឈរជើងជាអចិន្ត្រៃយ៍នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីបង្ហាញពី«ការការពារសណ្ដាប់ធ្នាប់អន្តរជាតិ»
ចក្រភពអង់គ្លេសមានផែនការក្នុងការបញ្ជូននាវាចម្បាំងរបស់ខ្លួនចំនួន ២គ្រឿង ដើម្បីឱ្យទៅឈរជើងជាអចិន្ត្រៃយ៍នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ នេះបើតាមការបញ្ជាក់ពីលោក Ben Wallace រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស អំឡុងធ្វើសន្និសីទកាសែតរួមគ្នាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក Nobuo Kishi កាលពីថ្ងៃអង្គារកន្លងទៅនេះ។

លោក Wallace បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនរយៈពេល ២ថ្ងៃ កាលពីដើមសប្ដាហ៍នេះ ដោយលោកបានចូលជួបជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga និងរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសនេះ។
ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់របស់អង់គ្លេសលើកនេះ ធ្វើឡើងដើម្បីរឹតចំណងមិត្តភាព ផ្នែកសន្តិសុខរវាងប្រទេសជប៉ុន និងអង់គ្លេស ខណៈប្រទេសទាំងពីរនេះសន្យាគ្នាថា «ប្រឆាំងដាច់ខាតនឹងការប្រព្រឹត្តិសកម្មភាពឯកតោភាគីណាមួយ ដែលប៉ុនប៉ងផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ដោយកម្លាំងប្រដាប់អាវុធ ឬ ការគំរាមកំហែង ក៏ដូចជាសកម្មភាពបញ្ឆេះបង្កជាជម្លោះណាមួយ»។
តែទោះជាយ៉ាងណា ផែនការនៃការបញ្ជូននាវាទាំងពីរគ្រឿង មិនទាន់បានបញ្ចេញពីពត៌មានលម្អិតជាសាធារណៈនៅឡើយនោះទេ។ បើយោងតាមការចុះផ្សាយរបស់ក្រសួងការពារជាតិអង់គ្លេសបានឱ្យដឹងថា នាវាទាំងពីរគ្រឿងនេះមានឈ្មោះថា HMS Spey និង HMS Tamar ជានាវាល្បាតក្រៅឆ្នេរសមុទ្រ (Offshore Patrol Vessels)។
អ្នកនាំពាក្យរបស់ស្ថានទូតអង់គ្លេសបានប្រាប់អ្នកសារព័ត៌មានថា នាវាទាំងពីរគ្រឿងនេះនឹងមិនមានមូលដ្ឋានអចិន្ត្រៃយ៍នោះទេ។ ចំណែកឯខាងក្រសួងការពារជាតិបានបង្ហើបថា ប្រតិបត្តិការនៃនាវាទាំងពីរនេះនឹងចាប់ផ្ដើមនៅចុងខែសីហា ជាមួយនឹងការទំនុកបម្រុងពីសំណាក់ប្រទេសជាដៃគូ ដែលមានដូចជា អូស្ត្រាលី ជប៉ុន និងសិង្ហបុរី។
ខាងសហរដ្ឋអាមេរិក តាមរយៈអ្នកនាំពាក្យនៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានសាទរអង់គ្លេសចំពោះ «ការប្ដេជ្ញាចិត្តទៅនឹង បណ្ដាញតភ្ជាប់គ្នានៃក្រុមសម្ព័ន្ធមិត្ត និងដៃគូ ដែលសហការគ្នាទៅវិញទៅមក និងគាំទ្រដល់សេរីភាពនៃការធ្វើនាវាចរណ៍ និងសណ្ដាប់ធ្នាប់ប្រកបដោយច្បាប់ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។
ចំណែកឯក្រសួងការបរទេសចិន តាមរយៈអ្នកនាំពាក្យលោក Zhao Lijian បានលើកឡើងកាលពីថ្ងៃពុធថា រដ្ឋធានីប៉េកាំងគោរពសេរីភាពក្នុងការធ្វើនាវាចរណ៍របស់ប្រទេសទាំងអស់ នៅលើដែនទឹកជុំវិញប្រទេសចិន ប្រសិនបើធ្វើសមស្របតាមច្បាប់អន្តរជាតិ។
លោកគូសបញ្ជាក់ថា «ចិនប្រឆាំងដាច់ខាតចំពោះប្រទេសណាក៏ដោយ ដែលធ្វើសកម្មភាពរំលោភបំពានដល់អធិបតេយ្យភាពរបស់ប្រទេសដទៃទៀត និងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ដោយតស៊ូមតិឱ្យប្រើប្រាស់កម្លាំងបាយនោះឡើយ»។
អ្នកវិភាគនៃសារព័ត៌មានចិន Global Times បានយល់ឃើញថា ការបញ្ជូននាវាចម្បាំងរបស់អង់គ្លេសទៅកាន់តំបន់នេះ «ផ្ដល់ការគំរាមកំហែងដល់ចិនក្នុងផ្លូវនយោបាយ ជាជាងខាងផ្លូវយោធា» ដោយសារតែនាវាទាំងនេះមិនមានអានុភាពប្រៀបបាននឹងកងកម្លាំងរបស់ចិនបានទេ។
ចំណែកឯអ្នកស្រាវជ្រាវឯករាជ្យផ្នែកសន្តិសុខអាស៊ីបូព៌ា លោក Steven Stashwick បានសរសេរនៅក្នុងគេហទំព័រ The Diplomat ថា នាវាល្បាតដែលអង់គ្លេសគ្រោងនឹងបញ្ជូនទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក «អាចនឹងមានទំហំតូច ដែលប្រដាប់ត្រឹមតែកាំភ្លើងធំខ្នាតតូច និងមិនមានប្រដាប់ដោយអាវុធមីស៊ីលនោះទេ»។
ស្រដៀងគ្នានេះដែរ លោក Zhou Chenming អ្នកស្រាវជ្រាវមកពីវិទ្យាស្ថានបច្ចេកវិទ្យា និងវិទ្យាសាស្ត្រយោធា Yuan Wang ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបានលើកឡើងថា សមត្ថភាពប្រយុទ្ធរបស់កងនាវីអង់គ្លេសមិនអាចបង្កជាការគំរាមកំហែងដល់ចិនទេ តែនេះជាសញ្ញាមួយថា អង់គ្លេសអាចនឹងជួយបំពេញបន្ថែមសមត្ថភាពយោធាអាមេរិក ហើយក៏ជាសញ្ញាថា អាមេរិកកំពុងតែខ្វះកងទ័ព និងនាវាចម្បាំងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ នេះបើតាមការនិយាយរបស់លោកប្រាប់ South China Morning Post។
លោក Cheung Mong សាស្ត្រាចារ្យជំនួយ ដែលច្រើនតែសិក្សាអំពីទំនាក់ទំនងជប៉ុន និងចិន នៅក្នុងសាកលវិទ្យាល័យ Waseda បានប្រាប់សារព័ត៌មាន South China Morning Post ថា ការបញ្ជូននាវារបស់អង់គ្លេសនេះ អាចជាសកម្មភាពមួយ ដែលអង់គ្លេសព្យាយាមបង្កើនឥទ្ធិពលនៅក្នុងតំបន់ ខណៈប្រទេសនេះមានបំណងចង់ចូលរួមនៅក្នុង កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាព សម្រាប់ភាពជាដៃគូអន្តរ-ប៉ាស៊ីហ្វិក ដែលជាក្របខ័ណ្ឌពាណិជ្ជកម្មសេរី ដែលដឹកនាំដោយជប៉ុន។
ការប្រកាសពីផែនការនេះធ្វើឡើង បន្ទាប់ពីអង់គ្លេសមានគម្រោងបញ្ជូននាវាចម្បាំងខ្នាតធំមានផ្ទុកយន្តហោះ HMS Queen Elizabeth អមជាមួយនាវារបស់កងទ័ពជើងទឹកភូមិន្ទអង់គ្លេស ដើម្បីមកធ្វើទស្សនកិច្ចកាន់កំពង់ផែយោធាចំនួន ៥ នៅប្រទេសជប៉ុនចាប់ពីខែកញ្ញាខាងមុខនេះតទៅ។
មុននឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន បណ្ដុំនាវារបស់អង់គ្លេសនឹងធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូង ដែលនៅកំពុងតានតឹង ហើយព្រមទាំងគ្រោងនឹងធ្វើសមយុទ្ធយោធារួមជាមួយនឹងកងកម្លាំងមកពីសហរដ្ឋអាមេរិក អូស្ត្រាលី បារាំង ជប៉ុន នូវែលហ្សេឡង់ និងប្រទេសកូរ៉េខាងត្បូង នៅសមុទ្រហ្វីលីពីនខាងលិចក្នុងខែសីហានេះ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការពារជាតិអង់គ្លេស។
សមុទ្រចិនខាងត្បូងកំពុងតែមានរឿងតានតឹងរវាងចិន និងប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែចិនទាមទារយកដែនដីសមុទ្រនេះតាមរយៈ ខ្សែបន្ទាត់ ៩ចំណុច ដែលក្ដោបលើមួយភាគធំ នៃដែនសមុទ្រជម្លោះនេះ។ ទាក់ទិននឹងរឿងនេះ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Wallace បានប្រាប់សារព័ត៌មានជប៉ុន The Times ថា «វាមិនមែនជារឿងសំងាត់នោះទេ ដែលចិនបង្កជាបញ្ហាប្រឈមទៅដល់ ការចេញចូលដោយស្របច្បាប់នៃច្រកសមុទ្រអន្តរជាតិ»។
លោកបានបន្ថែមថា «យើងនឹងគោរពចិន ហើយសង្ឃឹមថា ចិនគោរពយើងដែរ» លោកបានសង្កត់ធ្ងន់ថា «យើងនឹងធ្វើដំណើរទៅកាន់កន្លែងណា ដែលច្បាប់អន្តរជាតិអនុញ្ញាត»៕