សមរភូមិយកអំណាចនៅហៃទី ធ្វើឱ្យអ្នកនយោបាយបន្តបញ្ចុះបញ្ចូលក្រុងវ៉ាស៊ីនតោន ដើម្បីឱ្យអាមេរិកគាំទ្ររៀងៗខ្លួន
វ៉ាស៊ីនតោន៖ បញ្ហាប្រឈមប្រទេសហៃទីកំពុងតែជួប ក្រោយប្រធានាធិបតីរបស់ខ្លួនត្រូវបានគេធ្វើឃាត ធ្វើឱ្យ K Street ក្នុងក្រុងវ៉ាស៊ីនតោន ជាកន្លែងប្រមូលផ្ដុំគូប្រជែងនយោបាយហៃទី មេដឹកនាំធុរកិច្ចនានា ងាកទៅរកក្រុមអ្នកបញ្ចុះបញ្ចូល និងអ្នកតស៊ូមតិ ឱ្យធ្វើជាអ្នកតំណាងសម្រាប់ឥទ្ធិពលរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក កាន់តែមានភាពមមាញឹកជាងមុន។

ឯកសារ បទសម្ភាសន៍ និងការប្រាស្រ័យទាក់ទងក្នុងចំណោមអ្នកនយោបាយនិងមន្រ្តីហៃទី បង្ហាញពីវិសាលភាពនៃផលប្រយោជន៍ហៃទី ដើម្បីជួលអ្នកបញ្ចុះបញ្ចូល និងអ្នកពិគ្រោះយោបល់នៅវ៉ាស៊ីនតោន ឱ្យជួយខ្លួនយកឈ្នះការគាំទ្រអាមេរិកនៅក្នុងភាពច្របូកច្របល់ដណ្ដើមគ្នាធ្វើជាអ្នកដឹកនាំនៅហៃទី។
យោងតាមការចុះផ្សាយរបស់កាសែតញូវយ៉កថែមស៍ មានកិច្ចសន្ទនាជាក្រុមប៉ុន្មានថ្ងៃបន្ទាប់ពីឃាតកម្មលោកប្រធានាធិបតី Jovenel Moïse ដែលរួមមានមន្រ្តីហៃទី ឥស្សរជននយោបាយ និងក្រុមអ្នករកមតិគាំទ្រអាមេរិកផង បានបង្ហាញពីយុទ្ធសាស្រ្តអំពីការប្រឆាំងនឹងការរិះគន់របស់អាមេរិក រួមទាំងគូប្រជែង ពោរពេញដោយសក្តានុពលសម្រាប់តំណែងប្រធានាធិបតី និងស្វែងរកមធ្យោបាយដើម្បីបន្ទោសឃាតករ។
ការសន្ទនាបានចាប់ផ្តើមមុនពេលការធ្វើឃាត និងដើមឡើយក៏មានទាំងលោក Moïse ដែរ ទោះបីជាវាហាក់ដូចជាស្តាប់ទៅគួរឱ្យអស់សំណើចជាងមុន បន្ទាប់ពីលោកត្រូវបានគេបាញ់សម្លាប់នៅក្នុងគេហដ្ឋានរបស់ខ្លួននៅខែកក្កដានេះ។
អត្ថបទ និងឯកសារផ្សេងទៀតពីក្រុមហ៊ុននានារួមទាំងក្រុមហ៊ុន Mercury Public Affairs កំពុងធ្វើការជាមួយអ្នកនយោបាយសម្ព័ន្ធមិត្ត ដើម្បីចាត់តាំងអ្នកស្នងតំណែងបន្ទាប់ពីឃាតកម្ម។ ក្រុមហ៊ុននេះហើយ ដែលរដ្ឋាភិបាលហៃទីបានផ្តល់ឱ្យលុយយ៉ាងតិច ២៨៥ ០០០ ដុល្លារ កាលពីពាក់កណ្តាលនៃចុងឆ្នាំមុន។
បន្ថែមពីលើនេះ ឯកសារបង្ហាញថា រដ្ឋាភិបាលហៃទីកំពុងចំណាយសរុប ៦៧ ០០០ ដុល្លារក្នុងមួយខែ ដល់អ្នកឡប់ប៊ី (Lobby) បីនាក់ផ្សេងទៀត ឬក្រុមហ៊ុនរបស់ពួកគេ ហើយអ្នកខ្លះបានរក្សាអ្នកបញ្ចុះបញ្ចូលបន្ថែមក្រោមកិច្ចសន្យាបន្ត។
ជាមួយគ្នានេះ ក្រុមនយោបាយដែលកំពុងប្រកួតប្រជែង កំពុងស្វែងរកមធ្យោបាយដើម្បីគាំទ្រពីក្រុងវ៉ាស៊ីនតោនសម្រាប់បេក្ខជនរបស់ខ្លួន។ អតីតសមាជិកសភាហៃទីម្នាក់ បានពិភាក្សាគ្នាជាច្រើនអំពីការជួលអ្នកឡប់ប៊ី(Lobby) ដើម្បីជំរុញឱ្យសហរដ្ឋអាមេរិកទទួលស្គាល់ប្រធានាធិបតីព្រឹទ្ធសភារបស់ហៃទី ក្នុងនាមជាមេដឹកនាំបណ្តោះអាសន្នរបស់ប្រទេស។ក្រុមអ្នកនយោបាយ និងក្រុមអ្នកមានផលប្រយោជន៍ដទៃទៀតនៅហៃទី ក៏បានទៅរកអ្នកឡប់ប៊ី(Lobby) និងអ្នកប្រឹក្សានយោបាយ ដែលស៊ីថ្លៃខ្ពស់រហូតដល់ ១០ លានដុល្លារ ឬច្រើនជាងនេះ សម្រាប់ជំនួយរបស់ពួកគេ។
លោក Christopher Harvin អតីតមន្រ្តីរដ្ឋបាលលោក Bush ដែលធ្វើការជាអ្នកឡប់ប៊ី (Lobby) និងជាអ្នកពិគ្រោះយោបល់ផ្នែកនយោបាយសម្រាប់អតិថិជននៅជុំវិញពិភពលោកបាននិយាយ៖ «បុគ្គលិកលក្ខណៈផ្សេងៗគ្នាកំពុងលេងដើម្បីតំណែងក្នុងក្តីសង្ឃឹមថា សហរដ្ឋអាមេរិកអាចបង្កើនជំហររបស់អ្នកនយោបាយទាំងនោះតាមមធ្យោបាយណាមួយ»។
គេមិនទាន់ច្បាស់នៅឡើយទេ ថាតើយុទ្ធនាការនេះនឹងអាចមានឥទ្ធិពលយ៉ាងណា។ ប៉ុន្តែការជំរុញការបញ្ចុះបញ្ចូល គឺជាឧទាហរណ៍ចុងក្រោយពីទំហំ និងការឈោងចាប់ក្រុងវ៉ាស៊ីនតោន រួមទាំងតួនាទីរបស់រដ្ឋាភិបាលនេះ ក្នុងការស្វែងរកការផ្លាស់ប្តូរគោលនយោបាយការបរទេស។
រដ្ឋាភិបាលហៃទី បានបង្កើនការចំណាយរបស់ខ្លួនទៅលើការបញ្ចុះបញ្ចូលទីក្រុងវ៉ាស៊ីនតោន ក្នុងរយៈពេលប៉ុន្មានខែមុនឃាតកម្មលោក Moïse ខណៈអតីតប្រធានាធិបតីរូបនេះ បានប្រឈមនឹងការរិះគន់ជាច្រើនជុំវិញកិច្ចប្រឹងប្រែងរបស់លោកសរសេររដ្ឋធម្មនុញ្ញជាថ្មី និងរៀបចំការបោះឆ្នោត ស្របពេលមានបាតុកម្មទាមទារឱ្យលោកចុះចេញពីតំណែងទូទាំងប្រទេស។
មកទល់ពេលនេះ ភាពវឹកវរដណ្ដើមអំណាចគ្នា បានត្រឹមតែជំរុញឱ្យមានការគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិកប៉ុណ្ណេះ។ដំបូងឡើយ សហរដ្ឋអាមេរិកបានទទួលស្គាល់ថាជាមេដឹកនាំបណ្តោះអាសន្នរបស់ប្រទេសហៃទីគឺលោក Claude Joseph ដែលជានាយករដ្ឋមន្រ្តីរបស់លោក Moïse ។ ការគាំទ្ររបស់អាមេរិកចំពោះអ្នកនយោបាយជាន់ខ្ពស់រូបនេះ បានមកពីការពពាយនាយរបស់ស្ថានទូតហៃទីប្រចាំក្រុងវ៉ាស៊ីនតោន និង Mercury ដែលជាក្រុមហ៊ុនបញ្ចុះបញ្ចូលនាំមុខគេរបស់ខ្លួន។
ទោះយ៉ាងនេះក្ដី សមាជិកព្រឹទ្ធសភា ១០ រូប ដែលនៅសេសសល់ក្នុងប្រទេសហៃទី បានជំទាស់នឹងភាពស្របច្បាប់របស់លោក Joseph ស្ទើរតែភ្លាមៗ ដោយនិយាយថាពួកគេចង់បង្កើតរដ្ឋាភិបាលថ្មីមួយ ហើយបាននិយាយថា លោក Joseph Lambert ប្រធានព្រឹទ្ធសភា គួរតែក្លាយជាប្រធានាធិបតី។
កាលពីចុងសប្តាហ៍មុន សហរដ្ឋអាមេរិកបានប្តូរការគាំទ្ររបស់ខ្លួនពីលោក Joseph ដែលបានលាឈប់ពីតំណែងជានាយករដ្ឋមន្រ្តីកាលពីថ្ងៃចន្ទ ហើយថានឹងធ្វើជារដ្ឋមន្រ្តីក្រសួងការបរទេសវិញ ទៅលោក Ariel Henry អ្នកនយោបាយដែលមានជំនាញខាងផ្នែកសរសៃប្រសាទ។ ការផ្លាស់ប្តូរនេះបានទទួលការកោតសរសើរពីក្រសួងការបរទេស ប៉ុន្តែបង្កជាការរិះគន់ពីលោក Lambert ។
លោក Harvin បាននិយាយថា អ្នកនយោបាយហៃទីទាំងបី ៣ នាក់ បានទាក់ទៅលោក ចាប់តាំងពីមានការធ្វើឃាត ប៉ុន្តែលោកមិនបានចុះហត្ថលេខាលើនរណាម្នាក់ទេ។ លោកបាននិយាយថា អាថ៌កំបាំងជុំវិញឃាតកម្មលោក Moïse ដែលមិនទាន់ត្រូវបានដោះស្រាយអាចធ្វើឱ្យមានហានិភ័យខ្ពស់សម្រាប់ក្រុមអ្នកឡប់ប៊ី(Lobby) ឬក្រុមប្រឹក្សារយោបល់។
យ៉ាងណាមិញ ខណៈដែលភាពស្រពិចស្រពិលនៃនយោបាយ និងការស៊ើបអង្កេតរឿងក្ដីឃាតកម្មនៅតែបន្ត ហៃទីកាលពីថ្ងៃពុធ បានតែងតាំងលោក Henry ជំនួសលោក Joseph ដែលបានលាឈប់។ នាយករដ្ឋមន្រ្តីថ្មី ដែលធ្លាប់ត្រូវបានតែងតាំងតែប៉ុន្មានថ្ងៃមុនលោក Moïse ត្រូវបានគេសម្លាប់រូបនេះ បាននិយាយថា គោលបំណងធំបំផុត គឺការរៀបចំការបោះឆ្នោត ដោយប្ដូរក្រុមប្រឹក្សាបោះឆ្នោតថ្មី ព្រោះថាក្រុមនេះ ត្រូវបានលោក Moïse បង្កើតមិនស្របតាមច្បាប់ ហើយប្រជាជនក៏មិនជឿទុកចិត្ត។