មន្ត្រីចិន៖ ប្រទេសចិននឹងមិនទទួលយកផែនការរបស់ WHO ស្តីពីការតាមដានប្រភពដើមនៃវីរុស Covid-19 ដំណាក់កាលទី២ឡើយ (មានវីដេអូ)
ចិន៖ មន្ត្រីជាន់ខ្ពស់ នៃគណៈកម្មការសុខាភិបាលជាតិចិន (NHC) លោក ហ្សេង យីស៊ីន បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានខ្លីមួយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិននឹងមិនអនុវត្តតាមផែនការសំណើរបស់អង្គការសុខភាពពិភពលោក (WHO) ស្តីពីការតាមដានប្រភពដើមនៃវីរុសកូរ៉ូណាដំណាក់កាលទី២ឡើយ ។
ស្របពេលជាមួយគ្នានេះដែរ លោក ហ្សេង យីស៊ីន បាននិយាយថា ខ្លួនមានការតក់ស្លុតចំពោះផែនការស៊ើបអង្កេតរកប្រភពដើមនៃវីរុស COVID-19 ក្នុងដំណាក់កាលទី ២ ដោយអង្គការសុខភាពពិភពលោក (WHO) ហើយថែមទាំងបានច្រានចោលផងដែរ ចំពោះពាក្យចចាមអារ៉ាមថា វីរុស COVID-19 ត្រូវបានលេចធ្លាយចេញពីមន្ទីរពិសោធន៍ ។
លោក ហ្សេង បានសង្កត់ធ្ងន់ទៀតថា មន្ទីរពិសោធន៍នៅក្នុងទីក្រុងវូហាន គ្មានវីរុសដែលអាចចម្លងដោយផ្ទាល់ទៅកាន់មនុស្សនោះឡើយ ហើយចិនក៏បានធ្វើការបញ្ជាក់ម្តងហើយម្តងទៀតរួចរាល់ដែរ ចំពោះការពិតនេះ ។ ដូច្នេះចិនមិនទទួលយកផែនការរបស់ WHO ក្នុងការស៊ើបរកប្រភពដើមនៃវីរុសកូរ៉ូណាជាលើកទីពីរតាមរបៀបនេះឡើយ ៕ ប្រភព៖ CGTN

