ប្រជាពលរដ្ឋជាង ៦០នាក់ហើយត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ក្រោយការទៅចូលរួមបុណ្យសពមួយ នៅខេត្តព្រះសីហនុ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី២២កក្កដាឆ្នាំ២០២១ ប្រជាពលរដ្ឋជាង៦០នាក់ដែលត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ក្រោយពេលពួកគេបានទៅបុណ្យសព នៅក្រុម៥ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹហាវ ខេត្តព្រះសីហនុ ដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ។ រដ្ឋបាលខេត្តបានឲ្យដឹងថា កាលពីថ្ងៃទី១៨កក្កដា ឆ្នាំ២០២១ កន្លងមក មានករណីប្រជាពលរដ្ឋម្នាក់បានទទួលមរណៈភាព ឈ្មោះ គង់ ពៅ ភេទស្រី អាយុ៧៤ឆ្នាំ ដោយសារជំងឺរ៉ាំរ៉ៃ មានរយៈពេល៥ខែមកហើយ សពមានទីលំនៅក្រុម៥ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹហាវ ខេត្តព្រះសីហនុ។

ជាមួយគ្នានោះ អាជ្ញាធរមូលដ្ឋាន បានចុះទៅណែនាំគ្រួសារសពមិនទាន់អនុញ្ញាតឱ្យធ្វើពិធីបុណ្យទេ ត្រូវរង់ចាំការយកសំណាកសិន ក្នុងករណីសំណាកអវិជ្ជមានទើបអាចធ្វើបុណ្យតាមប្រពៃណី តែជាលក្ខណ:គ្រួសារ និងមិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំនោះទេ។ តែបើក្នុងករណីរកឃើញវិជ្ជមានកូវីដ-១៩ គឺត្រូវវេចខ្ចប់សពទៅបូជាតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងត្រូវបិទទីតាំង ហើយអ្នកដែលមានការពាក់ព័ន្ធត្រូវយកសំណាកទាំងអស់គ្នា។ បន្ទាប់មកក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត បានចុះយកវត្ថុសំណាកសាកសព ឈ្មោះ គង់ ពៅ ពិនិត្យឃើញមានវិជ្ជមានកូវីដ-១៩ និងបានវេចខ្ចប់សាកសពយកទៅបូជាតាមវិធានសុខាភិបាលនៅទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ ដោយមិនអនុញ្ញាតឱ្យរៀបចំពិធីបុណ្បសពនោះទេ។

តាមព័ត៌មានដែលទទួលបាន ទោះបីជាមិនមានការរៀបចំពិធីបុណ្ប ក៏នៅតែមានប្រជាពលរដ្ឋក្នុងភូមិមួយចំនួនឆ្លៀតទៅចូលបុណ្បជាមួយគ្រួសារសព ដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរនោះឡើយ ដែលជាហេតុធ្វើឱ្យមានការឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់គិតត្រឹមថ្ងៃ២២ កក្កដា ឆ្នាំ២០២១ មានចំនួនអ្នកឆ្លងកូវីដ-១៩ជាង៦០នាក់ហើយ។

អាជ្ញាធរខេត្តបានបញ្ជាក់ថា សកម្មភាពនោះ សបញ្ជាក់ថា ប្រជាពលរដ្ឋខាងលើ គឺមិនបានចូលរួមអនុវត្តត្រឹមត្រូវតាមការណែនាំរបស់រដ្ឋបាលខេត្ត អាជ្ញាធរស្រុក ឃុំ ជាពិសេសវិធានការនានាដែលដាក់ចេញដោយក្រសួងសុខាភិបាល និងអនុសាសន៍ ៣.ការពារ ៣.កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើបធ្វើឱ្យមានការឆ្លងរាលដាលពេញភូមិបែបនោះ។

ឆ្លងតាមរយៈបទពិសោធន៍ដ៏អាក្រក់នោះ រដ្ឋបាលខេត្តព្រះសីហនុ បានណែនាំឲ្យអាជ្ញាធរក្រុងស្រុក និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការអនុវត្ត និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតលើការផាកពិន័យ និងវិធានការច្បាប់ចំពោះបុគ្គលដែលមិនអនុវត្តតាមការណែនាំ ដោយគ្មានការលើកលែងនោះឡើយ ដើម្បីកាត់ការចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner