ជនជាតិកូរ៉េម្នាក់ជិះម៉ូតូធុនធំបុកទ្រូងផ្លូវដួលបោកក្បាលស្លាប់មួយរំពេច នៅខណ្ឌឬស្សីកែវ
ភ្នំពេញ ៖ បុរសជនជាតិកូរ៉េម្នាក់បានជិះម៉ូតូធុនធំមួយគ្រឿងរេចង្កូតទៅបុកទ្រូងផ្លូវបណ្ដាលឲ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកម៉ូតូអូសទៅមុខជិត១០០ម៉ែត្រ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង១១ និង ៣០នាទីយប់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវទំនប់៧០ ក្បែរ និងអតីតផ្លូវរថភ្លើង ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនៅឡើយនោះទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះខាងលើជិះម៉ូតូធុនធំមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខសៀមរាប 1P-9404 ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើជួន និងផ្លូវកោងបន្តិចផងក៏បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកទ្រូងផ្លូវបណ្ដាលឲ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។ ចំណែកម៉ូតូរងគ្រោះអូសទៅមុខប្រមាណជិត ១០០ម៉ែត្រ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចនឹងទំនាក់ទំនងរកសាច់ញាតិដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕



