បុរសម្នាក់ស្រវឹងស្រាបើករថយន្តឡិចស៊ីសRX330 បុកសួនច្បារដាក់បារ៉ាស់ច្រកចូលបុរីកាំកូស៊ីធី បែករាយពេញផ្លូវ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់សង្ស័យចេញពីកម្មវិធីជួបជុំសប្បាយ និងផឹកស្រាស្រវឹងធ្លាក់ភ្នែកបើករថយន្តឡិចស៊ីសRX-330 ជ្រុលទៅបុកសួនច្បារដាក់បារ៉ាស់ច្រកចេញចូលបុរីកាំកូស៊ីធី បណ្ដាលឲ្យបែករាយពេញផ្លូវ កាលពីវេលាម៉ោង ២០និង៣០ នាទីយប់ថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ ២០២០នៅចំណុចច្រកចូលបុរីកាំកូស៊ីធី ក្នុងសង្កាត់ទួលសង្កែទី ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពពីសន្តិសុខដែលប្រចាំការនៅគោលដៅខាងលើបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត ឡិចស៊ីសRX-330 មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AV-2105 ចេញពីម្ដុំបុរីអង្គរឆ្លងកាត់បុរីកាំកូស៊ីធីក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃបុកសួនច្បារនៅចំកណ្ដាលចែកទ្រូងផ្លូវដាក់បារ៉ាស់សម្រាប់ភ្ញៀវចេញចូលពេញទំហឹងបណ្ដាលឲ្យបែកខឿនសួនច្បារបែករាយប៉ាយពេញផ្លូវអស់មួយចំហៀងសួនចំណែករថយន្តបង្កដាច់កាឡេកង់ខាងមុខថាឆ្វេងខូចខាតយ៉ាងដំណំទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner