រដ្ឋបាលខេត្តបាត់ដំបងចុះពិនិត្យមើលរៀបចំទីតាំងធ្វើជាកន្លែងមណ្ឌលចត្តាឡីស័កសម្រាប់ដាក់បងប្អូនពលករវិលត្រឡប់ពីប្រទេសថៃ ស្ថិតនៅក្នុងវិទ្យាល័យអន្លង់វិល ស្រុកសង្កែ
អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តមងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដណើរដោយឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត និងឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្តេចក្រឡាហោមនិងជាប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនខេត្ត បានចុះទៅពិនិត្យមើលនូវទីតាំងសាលារៀនមួយចំនួនក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីត្រៀមរៀបចំទីតាំងសាលាទាំងនោះ ធ្វើជាមណ្ឌលចត្តាឡីស័កក្នុងការត្រួតពិនិត្យសុខភាព និងសម្រាករយៈពេលចំនួន១៤ថ្ងៃក្រោយពីបងប្អូនពលករទាំងនោះបានវិលត្រឡប់ពីប្រទេសថៃវិញគឺត្រូវបញ្ជូនឲ្យមកកាន់មណ្ឌលចត្តាឡីស័កនៅទីនេះ។ ដែលគ្រោងរៀបចំយ៉ាងហោចណាស់ ចំនួន០៣ទីតាំងផ្សេងៗគ្នាក្នុងស្រុកសង្កែ របស់ ខេត្តបាត់ដំបង និងដើម្បីសម្រាប់ត្រៀមទទួលបងប្អូនទាំងនោះ ក្រោយពីបានវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែននានាក្នុងខេត្តឧត្តរមានជ័យ និងខេត្តមួយចំនួនទៀត នៅពេលឆាប់ខាងមុខនេះ។
នេះបើតាមការថ្លែងឲ្យដឹងពីឯកឧត្តមអភិបាលខេត្តបាត់ដំបង នៅក្នុងឱកាសចុះពិនិត្យមើលទីតាំងមួយកន្លែងស្ថិតនៅវិទ្យាល័យអន្លង់វិល ក្នុងស្រុកសង្កែ របស់ខេត្តបាត់ដំបង ដែលត្រូវរៀបចំធ្វើជាទីកន្លែងមណ្ឌលចត្តាឡីស័កនៅទីនោះ កាលពីល្ងាចថ្ងៃទី២៣ខែកក្កដា២០២១នេះ។ នៅក្នុងការចុះពិនិត្យមើលទីតាំងត្រៀមបំរុងនេះ ក្នុងនោះក៏មានវត្តមាន របស់លោកអភិបាលស្រុកសង្កែ រួមនិងមន្ត្រីពាក់ព័ន្ធសំខាន់ៗ ក្នុងមូលដ្ឋានផងដែរ។
តាមការគូសបញ្ជាក់ពីលោក សុខ ហឿន អភិបាលស្រុកសង្កែ ក៏បានគូសបញ្ជាក់ឲ្យដឹងផងដែរថា៖ លទ្ធភាពរបស់ស្រុក អាចផ្តល់ទីតាំងចំនួន៣កន្លែង ដើម្បីធ្វើជាមណ្ឌលចត្តាឡីស័ក សម្រាប់ត្រួតពិនិត្យសុខភាព ពលករ ដែលវិលត្រឡប់ពីប្រទេសថៃនិងកន្លែងសម្រាកនៅរយៈពេល១៤ថ្ងៃ ដើម្បីត្រួតពិនិត្យសុខភាពយកវត្ថុសំណាកធ្វើតេស្តរកមេរោគកូវីដ-19 មុននិងឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋាននិងស្រុកកំណើតរបស់ខ្លួនវិញ ក្រោយពីធ្វើតេស្ត”អវិជ្ជមាន”លទ្ធផលជាស្ថាពរហើយនោះ។តាមការឲ្យដឹងពីលោកអភិបាលស្រុកសង្កែ ទីតាំងសាលារៀនដែលត្រូរៀបចំ ចំនួន៣ទីតាំងផ្សេងគ្នាក្នុងស្រុក យ៉ាងហោចណាស់អាចទទួលបងប្អូនពលករសរុបប្រមាណ១ពាន់នាក់អាចមកសម្រាកក្នុងមណ្ឌលចត្តាឡីស័កដែលបានរៀបចំនៅទីនេះ។
បើតាមការគូសបញ្ជាក់ ពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានឲ្យដឹងបន្ថែមទៀតថាបងប្អូនពលករដែលវិលត្រឡប់ពីប្រទេសថៃនេះ គឺជាពលករចម្រុះដែលមានទីលំនៅ នៅតាមបណ្តាខេត្តនានា ដែលបានវិលត្រឡប់ មកពីប្រទេសថៃតាមច្រកព្រំដែនដែលស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលនិងត្រូវបញ្ជូនមកកាន់ទីនេះ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )



















