បុរសម្នាក់ជិះម៉ូតូលឿនទៅបុកជាមួយនឹងរថយន្តដួលអូសជាច្រើនម៉ែត្របណ្តាលឲ្យរងរបួសធ្ងន់
ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូFZគ្រឿងក្នុងល្បឿនលឿនបានរេចង្កូតទៅបុកជាមួយនឹងរថយន្តtoyota prius ដួលអូសជាង ២០ ម៉ែត្របណ្ដាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១ និង ២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៤ ខែកក្កដាឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ៥៨P ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តតូតា prius មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BB-5174ធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើក៏មានម៉ូតូមួយគ្រឿងម៉ាកFZពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CS-3842ជិះដោយបុរសម្នាក់ក្នុងល្បឿនលឿនបញ្ច្រាសទិសដៅគ្នាពីលិចទៅកើត បានរេចង្កូតទៅបុកបញ្ឆិតផ្នែកខាងមុខខាងឆ្វេងរថយន្ត បណ្តាលឲ្យដាច់កញ្ចក់ម្ខាង ចំណែកម៉ូតូដួលអូសជាង ២០ ម៉ែត្រ បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់។បន្ទាប់មកត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះបណ្ដុលបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការខណ្ឌសែនសុខរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ ៖ ជីម ភារ៉ា




