បុរសម្នាក់ស្រវឹងស្រាជោគបើករថយន្ត Ford Ranger ពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿង ជ្រុលបុករថយន្តរពីតង់រងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់បានស្រវឹងស្រាជាខ្លាំង ហេីយបើករថយន្ត Ford Ranger ចង្កូតស្ដាំពាក់ស្លាកលេខខេមរៈភូមិន្ទមួយគ្រឿង ជ្រុលទៅបុករថយន្តពីរគ្រឿងជាបន្តបន្ទាប់ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង ៣០ នាទីយប់ថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២១នៅតាមបណ្ដោយផ្លូវ២៨គ្រួសារ កែងនឹងផ្លូវតាចេត ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត Ford Ranger ពណ៌ត្រេអ៊ីចង្កូតស្តាំមួយគ្រឿងពាក់ស្លាកលេខខេមរៈភូមិន្ទ01-2-5981បានជ្រុលទៅបុកជាមួយនឹងរថយន្តហាយឡែនឌ័រ ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AU-1559នៅចំណុចខាងក្រោយវត្តសំរោងអណ្ដែត បណ្ដាលឲ្យរងការខូចខាតចំហៀងខាងមុខខាងឆ្វេងយ៉ាងដំណំ ។ បន្ទាប់មកភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាដោយខាងរថយន្តពាក់ស្លាកលេខខេមរភូមិន្ទបានចេញសំណងចំនួន៣០០ដុល្លារទៅឲ្យខាងភាគីរថយន្តហាយឡែនឌ័រដើម្បីបញ្ចប់រឿង។
បន្ទាប់មកបុរសស្រវឹងស្រាខាងលេីបាបន្តដំណើរទៅមុខទៀតដោយទិសដៅពីជើងទៅត្បូងមកដល់ចំណុចកែងផ្លូវ២៨គ្រួសារក៍បានជ្រុលទៅបុកនឹងរថយន្តតាកូម៉ាមួយគ្រឿង ពណ៌ស្ករ ដែលពាក់ស្លាកលេខកំចាម2A-4850 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៨គ្រួសារទិសដៅពីលិចទៅកើត ចំហៀងផ្នែកខាងមុខខាងឆ្វេងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ក្រោយមកក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចទីតាំងកន្លែងកើតហេតុខាងលើ ដោយឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តពាក់ស្លាកលេខខេមរៈភូមិន្ទបានចេញសំណងទៅឲ្យរថយន្តតាកូម៉ាចំនួន១៥០ដុល្លារដើម្បីបញ្ចប់នៅកន្លែងកើតហេតុ។បន្ទាប់មកសមត្ថកិច្ចបានឲ្យម្ចាស់រថយន្តពាក់ស្លាកលេខខេមរៈមិនឲ្យបើកបន្តទៅមុខទៀតទេ ខ្លាចមានបង្កគ្រោះថ្នាក់តាមផ្លូវទៀតនិងឱ្យអង្គុយសម្រួលអារម្មណ៍និងស្វាងស្រាសិន រួចទាក់ទងទៅរកសាច់ញាតិ ដើម្បីមកយកត្រឡប់ទៅផ្ទះវិញ៕ដោយ ៖ ជីម ភារ៉ា







