ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុន ហៀង បញ្ជាក់ថាចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជាបាននាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋទូទាំងប្រទេស
កុដិ០១ខ្នង កម្ពស់២ជាន់ រួមនឹងសមិទ្ធផលនានា នៅក្នុងវត្តខ្ពបអណ្តែត ហៅវត្ហក្របៅ ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល បានប្រារព្ធពិធីបើកសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យ សម្តេចតេជោ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
តាមរបាយការណ៍របស់លោកអភិបាល ក្រុងតាខ្មៅ បានឲ្យដឹងថា បានទទួលគម្រោងអភិវឌ្ឍន៍ជាច្រើន។ ១៦វត្ត ៦៣១អង្គ មានសមាគមន៍វិបសនា១កន្លែង។ វត្តខ្ពអណ្តែត កសាងនៅឆ្នាំ១៩៥៧ ហើយត្រូវរងការបំផ្លិចបំផ្លាញក្នុងសម័យសង្គ្រាម ពិសេសក្នុងសម័យរបបប៉ុលពត ។ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ត្រូវបានរដ្ឋអំណាច ប្រជាពលរដ្ឋ និងសម្បុរសជន មូលមតិកសាងឡើងវិញជាបន្តបន្ទាប់ រហូតដល់់ពេលនេះ មានព្រះវិហារ សាលាធម្មសភា កុដិ ក្លាយជាទីកន្លែងគោរពបូជាព្រះពុទ្ធសាសនា ។

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សង្គម ពិសេសការកសាងអភិវឌ្ឍន៍ប្រទេសជាតិ នាពេលកន្លងមក។
ឯកឧត្តម កិត្តិបណ្ឌិត បានគូសបញ្ជាក់ថា. ចក្ខុវិស័យដ៏ច្បាស់លាស់ និងវែងឆ្ងាយរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បាននាំមកផងដែរនូវសន្តិភាព ដ៏ស្រស់បំព្រងដល់ដែនដីកម្ពុជា។ សន្តិភាព បានផ្តល់នូវសាធុកាពរដ៏ច្រើនអនេកមកដល់ជាតិ និងប្រជាជនកម្ពុជា ហើយអ្វីដែលយើងកំពុងឃើញជាក់ស្តែងនាពេលនេះ គឺឱកាសសម្រាប់កម្ពុជាក្នុងការទាញយកប្រយោជន៍ពីកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាមួយប្រទេសជាដៃគូ ទាំងនៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។ មានតែសន្តិភាពទេ ដែលនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ដូចដែលយើងកំពុងមានសព្វថ្ងៃនេះ។ សូមអរគុណសន្តិភាព ដែលយើងមានសព្វថ្ងៃនេះ, សូមអរគុណអ្នករកសន្តិភាព និងសូមនាំគ្នាថែរក្សាកុំឱ្យបាត់បង់។ ការរួបរួមគ្នាថែរក្សា សន្តិភាពនេះ គឺត្រូវការការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីភាពរឹងមាំ និងស្ថិតស្ថេរយូរអង្វែងតទៅមុខ។

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានប្រគេនបច្ច័យវត្តខ្ពបអណ្តែត ហៅវត្តក្របៅ ចំនួន ៥ពាន់ដុល្លា។ ឧបត្ថម្ភសាលាក្រុងតាខ្មៅ ២លានរៀល, សង្កាត់កំពង់សំណាញ់ ៥០ម៉ឺនរៀល ព្រមទាំងនាំយកអំណោយដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភចែកជូនលោកតាលោកយាយជី មន្ត្រីក្រុមប្រឹក្សាសង្កាត់ ក្រុង យុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋ និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនទៀតផងដែរ៕