ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជម្រុញឲ្យគណៈកម្មការខេត្តរៀបចំបុណ្យទន្លេ លើកទី៦ ត្រូវយកចិត្តទុកដាក់ ក្នុងការបំផុសនិងលើកទឹកចិត្តក្នុងការជម្រុញ ឲ្យមានកសិផល-ផលិតនៅក្នុងស្រុកចូលរួមនិងដាក់តាំងបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍បុណ្យទន្លេក្នុងខេត្តរបស់ខ្លួន
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងបានជម្រុញឲ្យគណៈកម្មការខេត្តរៀបចំបុណ្យទន្លេ លើកទី៦ ត្រូវយកចិត្តទុកដាក់ ក្នុងការបំផុស និងលើកទឹកចិត្តដល់ប្រជាកសិករ អាជីវករ សិប្បករនៅក្នុងខេត្តខ្លួន ក្នុងការជម្រុញឲ្យមានកសិផល-ផលិតផល នៅក្នុងស្រុកចូលរួម និងបានដាក់តាំងបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍បុណ្យទន្លេក្នុងខេត្តរបស់ខ្លួន និងជម្រុញឲ្យមានព្រឹត្តិការណ៍សិល្បៈកំសាន្តដែលមានក្នុងខេត្ត ដើម្បីជាការទាក់ទាញបង្ហាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ខាងលើនេះ។ ហើយអ្វីដែលផ្តោតសំខាន់ទៀតនោះ ការជម្រុញផលិតផលនិងភោគផលកសិកម្មដែលមានក្នុងខេត្ត ដើម្បីជាការទាក់ទាញដល់ភ្ញៀវទេសចរណ៍ ក្នុងការឆក់ឱកាស ដើម្បីទាក់ទាញដល់ភ្ញៀវនិងជាឱកាសស្វែងរកការនាំចេញទៅកាន់ទីផ្សារនានា ទាំងនៅក្នុងស្រុក និង ក្រៅស្រុក។

ការលើកឡើងបែបនេះ គឺនៅក្នុងកិច្ចប្រជុំស្តីពិការត្រៀមរៀបចំបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ ដែលនិងប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ នៅសាលាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោមវត្តមានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធានគណៈកម្មការអន្តរក្រសួង និងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ។

នៅក្នុងកិច្ចប្រជុំនេះក៏មានវត្តមានចូលរួមពីថ្នាក់ដឹកនាំមកពីបណ្តាក្រសួងពាក់ព័ន្ធសំខាន់ៗព្រមទាំងស្ថាប័នសមត្ថកិច្ចជំនាញពាក់ព័ន្ធ ព្រមទាំងថ្នាក់
ដឹកនាំរដ្ឋបាលខេត្ត ស្រុក ក្រុងនិងតាមបណ្តាមន្ទីរវិស័យជំនាញពាក់ព័ន្ធជាច្រើនទៀត ក្នុងការត្រៀមរៀបចំឲ្យមានការទទួលខុសត្រូវ នូវភារកិច្ចចំពោះមុខ តាមរយៈការបង្កើតនូវគណៈកម្មការអន្តរក្រសួង និងខេត្ត ដើម្បីរៀបចំនូវព្រឹត្តិការណ៍នៃបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង ឆាប់ៗខាងមុខនេះ ក្រោមប្រធានបទ៖《ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព》។

តាមរយៈគណៈកម្មការខេត្ត រួមមាន៖
១. លេខាធិការដ្ឋាន
២. អនុគណៈកម្មការឃោសនាផ្សព្វផ្សាយ រៀបចំការតាំងពិព័រណ៍សមិទ្ធផលនានា និងគម្រោងអភិវឌ្ឍទេសចរណ៍ មហោស្រពម្ហូបអាហារ វិថីម្ហូបអាហារ ក្រុមតន្ត្រីចល័តពេលថ្ងៃ និងតុបតែងលំអក្នុងពិធីបុណ្យ
៣. អនុគណៈកម្មការរៀបចំនូវទស្សនីយភាពសិល្បៈ និងព្យុហយាត្រា
៤. អនុគណៈកម្មការខ្លឹមសារ និង រៀបចំកិច្ចប្រជុំពាក់ព័ន្ធ
៥. អនុគណៈកម្មការរៀបចំកីឡាលើគោក និងលើទឹក
៦. អនុគណៈកម្មការសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសង្គ្រោះបន្ទាន់
៧. អនុគណៈកម្មការគ្រប់គ្រងសំរាម អនាម័យ និងបរិស្ថាន ។



ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានថ្លែងឲ្យដឹងទៀតថា៖ ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៦ ឆ្នាំ២០២០ រយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទី១៣-១៥ខែមីនានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយជំនួសនូវវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងខណៈដែលសម្តេចតេជោបំពេញបេសកកម្មការងារនៅក្រៅប្រទេស ចំថ្ងៃព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៦ ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា៖ ព្រឹត្តិការណ៍បុណ្យទន្លេនេះក៏មានរៀបចំនូវស្តង់ពិព័រណ៍តាំផលិតផលក្នុងស្រុក និងក្រៅស្រុក សរុបចំនួន៤៩០ស្តង់ ជាពិសេសពីប្រទេសជិតខាងពីបណ្តាខេត្តភូមិផង (ថៃ-កម្ពុជា) ដែលជាប់និងខេត្តបាត់ដំបង ផងដែរ។ ដោយក្នុងនោះ៖ ស្តង់ពិព័ណ៍VIP.៦០ស្តង់, និងការរៀបចំនូវព្រឹត្តិការណ៍កីឡារត់ចម្ងាយ, កីឡាប្រដាល់, កីឡាជិះកង់, សិល្បៈកំសាន្តដែលមកពីរាជធានីភ្នំពេញ ពីអង្គការហ្វារពន្លឺសិល្បៈ ក្រុមសិល្បៈមន្ទីរវប្បធម៌ខេត្ត ល្ខោនបាសាក់ និងគណៈប្រតិភូមកពីបណ្តាខេត្ត ដែលជាប់ និងដងទន្លេ ចំនួន១១ខេត្ត ផងដែរ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )




