សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យអាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព
ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុករបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី បានប្រកាសឱ្យដឹងនៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព ព្រមទាំងធ្វើសន្និសិទកាសែតផងដែរ ។ នេះបើយោងតាមលោកជំទាវ សុងឡេង បូរ៉ា (ឡា) នាយិកាពិធីការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន នឹងធ្វើជាអធិបតីភាព ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដោយសម្តេចនឹងនាំយកចៅៗរបស់សម្តេចទាំងអស់ ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះ (ថ្ងៃទី០១ ខែសីហា) តែម្តងនៅវិមានសន្តិភាព ហើយក្រៅពីចៅរបស់សម្តេចក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀតទៅទទួលវ៉ាក់សាំងផងដែរ។
សូមជំរាបថា កាលប៉ុន្មានថ្ងៃមុននេះសម្តេចតេជោ ហ៊ុន សែន បានយកមន្ទីរពេទ្យកាល់ម៉ែត ជាទីតាំងដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងអាយុ ១២-១៧ឆ្នាំ ប៉ុន្តែនៅពេលនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចយកវិមានសន្តិភាព ជាកន្លែងរៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំង ព្រោះធំទីតាំងទូលាយងាយស្រួល និងបង្កលក្ខណៈល្អប្រសើរសម្រាប់ធ្វើសន្និសិទកាសែតផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនដល់ក្មេងចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ ដើម្បីបង្កើតភាពសាំក្នុងសង្គម និងឈានទៅដល់ការបើកសកម្មភាពសង្គមឱ្យកាន់តែទូលាយ ជាពិសេសការបើកសាលារៀនឡើងវិញ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី ១២ឆ្នាំ ទៅ ១៧ឆ្នាំនេះ ជាចំណុចពិសេសក្នុងការបើកដំណើរការសង្គមឡើងវិញ ជាពិសេសការសិក្សានៅតាមសាលារៀន ដែលយ៉ាងហោចណាស់ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង។ ការចាក់វ៉ាក់សាំងនេះ នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្ត។ តែសម្តេចសង្ឃឹមថា តាមការយល់ដឹង និងស្មារតីចូលរួមរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ គឺមាតាបិតា និងអាណាព្យាបាល នឹងនាំកូនៗទៅទទួលវ៉ាក់សាំង។
បើទោះបីជាយ៉ាងណាសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តស្មារតីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ជាពិសេសវិធាន «៣ការពារ និង៣កុំ»៕ ដោយ វណ្ណលុក

