ទីក្រុងហាណូយត្រូវបិទខ្ទប់ ខណៈពេលដែលជំងឺកូវីដ១៩កំពុងកើនឡើង
កាលពីថ្ងៃសៅរ៍ ទី២៤ កក្កដា រដ្ឋាភិបាលវៀតណាម បានធ្វើការបិទខ្ទប់មិនឱ្យប្រជាជនជាង ៨ លាន នាក់នៅក្នុងរដ្ឋធានីហាណូយធ្វើដំណើរចេញចូល ដោយនេះជាការសម្រេចចុងក្រោយបំផុត ដើម្បីទប់ស្កាត់រលកឆ្លងជំងឺកូវីដ១៩ ធ្ងន់ធ្ងរ ដែលមកដល់ពេលនេះបានបង្កឱ្យជាងមួយភាគបីនៃប្រជាជនប្រទេសនេះជាប់ក្នុងគេហដ្ឋានរបស់ពួកគេ។
ក្រសួងសុខាភិបាលវៀតណាម បានរាយការណ៍កាលពីថ្ងៃសៅរ៍ថាមានការរកឃើញអ្នកឆ្លងវីរុសកូរ៉ណាថ្មីចំនួន ៧.៩៦៨ នាក់ ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតរបស់ប្រទេសនេះ ដោយបំបែកកំណត់ត្រាចាស់៧.៣០៧ នាក់កាលពីថ្ងៃសុក្រ។
បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ការផ្ទុះឡើងការឆ្លងឱ្យមានត្រឹមតែចំនួនតិចតួចកាលពីឆ្នាំមុន ប្រទេសវៀតណាម គឺកំពុងជួបប្រទះការផ្ទុះឡើងករណីឆ្លងយ៉ាងខ្លាំង ចាប់តាំងពី ចុងខែមេសា។ ជាងមួយភាគបីនៃប្រជាជនសរុបជិត១០០លានរបស់ប្រទេសវៀតណាមគឺកំពុងស្ថិតក្រោមការបិទខ្ទប់។ បើទោះបីជាមានវិធានការណ៍បែបនេះក៏ដោយ ក៏នៅតែគ្មានសញ្ញាបង្ហាញថាការឆ្លងបានថយចុះ ហើយទីក្រុងហូជីមិញនៅខាងត្បូងប្រទេសបានសម្រេចបន្តការបិទខ្ទប់របស់ពួកគេបន្ថែមទៀត។

ប្រភព៖ Straitstimes