មនុស្ស ២នាក់ត្រូវសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឱ្យឃុំខ្លួន ពីបទមិនគោរពវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខេត្តបានដាក់ចេញវិធានការរដ្ឋបាលនានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងនោះ មានការបិទ ជាបណ្តោះអាសន្ននូវការជួបជុំប្រមូលផ្តុំគ្នាពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ និងមណ្ឌលកំសាន្តមនុស្សពេញវ័យជាដើម។ ជាមួយគ្នានោះ រដ្ឋបាលខេត្តបានព្រមានចំពោះបុគ្គលទាំងឡាយណាដែលល្មើសនឹងវិធានការទប់ស្កាត់ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត។

នៅថ្ងៃទី២៥កក្កដា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបាន បញ្ជូនសំណុំរឿងចំនួន១ករណីបន្ថែមទៀត ពីបទចោទបើកកន្លែងផឹកស៊ី នៅចំណុចហាងហេងហេងបាខែង២ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងបាននាំខ្លួនជនសង្ស័យចំនួន២នាក់ មកសាកសួរពីដំណើររឿងនៃការលួចបើកកន្លែងផឹកស៊ី។ ក្រោយពីបានសាកសួររួចមក ជនសង្ស័យទាំង២នាក់ ត្រូវបានចៅក្រមសើបសួរសាលាដំបូងខេត្តសៀមរាប សម្រេចបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារខេត្ត នៅថ្ងៃទី២៥កក្កដា ឆ្នាំ២០២១តែម្តង។

ជនត្រូវចោទដែលត្រូវបានបង្គាប់ឱ្យឃុំខ្លួនទាំង២រូប មានឈ្មោះ អាន សត្ថា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរថៅកែហាងហេងហេងបាខែង២ និងម្នាក់ទៀត ឈ្មោះ សាយ ឡាស្កាហ៍ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប មុខរបរ មេកាហាងហេងហេងបាខែង២។ ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តបានអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner