ចំនួនអ្នកឆ្លងវីរុស COVID-19 នៅកូរ៉េខាងត្បូងសរុបកើនដល់៣៤៦នាក់ ក្រោយធ្វើតេស្តរកឃើញ១៤២នាក់បន្ថែមទៀត
កូរ៉េខាងត្បូង៖ រដ្ឋាភិបាលទីក្រុងសេអ៊ូល នៅថ្ងៃទី២២ ខែកុម្ភៈនេះ បានរាយការណ៍ពីអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩កើនឡើងចំនួន១៤២នាក់បន្ថែមទៀត ដែលប្រការនេះធ្វើឱ្យតួលេខមនុស្សឆ្លងនៅក្នុងប្រទេសអាស៊ីបូព៌ានេះ កើនឡើងដល់៣៤៦នាក់ ខណៈចំនួនអ្នកស្លាប់ដោយសារឆ្លងវីរុសនេះក៏កើនឡើងដល់២នាក់ផងដែរ ។

ចំនួនអ្នកឆ្លងជម្ងឺរលាកសួតដ៏កាចសាហាវនេះនៅកូរ៉េខាងត្បូង មានការកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ភាគច្រើនគឺមានជាប់ពាក់ព័ន្ធនឹងមន្ទីរពេទ្យមួយកន្លែង នៅភាគខាងត្បូងក្រុង ឆុងទូ និង ព្រះវិហារគ្រិស្តសាស នាមួយមានឈ្មោះថា ស៊ីនឈុនជី ស្ថិតក្នុងក្រុងដេគូ ភាគអាគ្នេយ៍ប្រទេស ។ ឆ្លើយតបនឹងបញ្ហានេះ អភិបាលក្រុងដេគូបានជំរុញឲ្យប្រជាជនកុំចេញក្រៅ ប្រសិនបើពុំចាំបាច់ ហើយនៅពេលនៅខាងក្រៅត្រូវពាក់ម៉ាសជាប់ជានិច្ច ។

សូមជម្រាបថា គិតមកទល់ពេលនេះ សមាជិកព្រះវិហារខាងលើសរុបជាង១៥០នាក់ហើយបានឆ្លងវីរុសកូរ៉ូណា ដោយចាប់ផ្តើមដំបូងពីស្រ្តីវ័យ៦១ឆ្នាំម្នាក់ ដែលបានបង្ហាញរោគសញ្ញាសង្ស័យកាលពីថ្ងៃទី១០ ខែកុម្ភៈនេះ ក៏ប៉ុន្តែបានចូលរួមពិធីសាសនាក្នុងព្រះវិហារគ្រិស្តនោះយ៉ាងតិច០៤លើក មុនពេលត្រូវបានក្រុមជំនាញធ្វើរោគវិនិច្ឆ័យរកឃើញវីរុស ខូវីដ-១៩ នៅក្នុងខ្លួនរបស់គាត់ ៕


