ប្រធានាធិបតីឥណ្ឌូនេស៊ី៖ វិធានការរឹតត្បិតទប់ស្កាត់កូវីដ-១៩ នឹងត្រូវពន្យារពេលរហូតដល់ថ្ងៃទី២ ខែសីហាខាងមុខ
ឥណ្ឌូនេស៊ី៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ នៅថ្ងៃអាទិត្យម្សិលមិញបញ្ជាក់ថា វិធានការរឹតបន្តឹងទប់ស្កាត់ជំងឺកូវីដ១៩ក្នុងពេលបច្ចុប្បន្ន នឹងត្រូវអូសបន្លាយពេលចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី២ ខែសីហាខាងមុខនេះ ។
ស្ថិតក្រោមវិធានការរឹតត្បិតនាពេលបច្ចុប្បន្ន លោក ចូកូ វីដូដូ បាននិយាយថា រដ្ឋាភិបាលនឹងកែសម្រួលការរឹតត្បិតលើសកម្មភាពមួយចំនួនជាបណ្តើរៗ ខណៈអនុញ្ញាតឱ្យផ្សារ និងភោជនីយដ្ឋានបែបប្រពៃណីដែលមានទីធ្លាទូលាយនៅខាងក្រៅបើកឡើងវិញជាមួយភ្ញៀវមានកម្រិត ។
គួរកត់សម្គាល់ ករណីឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ន គឺស្ថិតក្នុងចំណោមអត្រាឆ្លងខ្ពស់បំផុតនៅលើពិភពលោក ។ ជាក់ស្តែងឥណ្ឌូនេស៊ីបានកត់ត្រាអ្នកឆ្លងកូវីដ១៩រហូតដល់ជាង៣លានករណី និង៨ម៉ឺន៣ពាន់នាក់បានស្លាប់ ៕ ប្រភព៖ Reuters


