រដ្ឋមន្ត្រីការបរទេសកម្ពុជា និងទូតជប៉ុន ចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» តម្លៃជាង៣,៣លានដុល្លារ
ភ្នំពេញៈ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់សរុបចំនួន៣៦២លានយ៉េន ឬប្រមាណ៣,៣ លានដុល្លារអាមេរិក នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។

ឯកឧត្តមបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានមានប្រសាសន៍ថា លិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៣៦២ លានយ៉េន ឬប្រមាណ៣,៣លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»។ មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ចំនួន២៦រូប (ដែលក្នុងនោះ២៤រូប រៀនថ្នាក់អនុបណ្ឌិត និង២រូប រៀនថ្នាក់បណ្ឌិត) នឹងទទួល បានអត្ថប្រយោជន៍ពីការទៅបន្តការសិក្សាកម្រិតខ្ពស់នៅក្នុងប្រទេសជប៉ុន។ ប្រមុខការទូតកម្ពុជាបានបន្តថា ចាប់តាំងពីការដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០០០ គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ឬហៅថា «JDS» បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ អស់រយៈពេលជាង២០ឆ្នាំ JDS បានផ្តល់អាហារូបករណ៍ដល់មន្រ្តីកម្ពុជាប្រមាណ៥០០នាក់ ដែលក្នុងនោះមាន ២៤នាក់ មកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ជាងនេះទៅទៀត រដ្ឋាភិបាលជប៉ុន បានផ្តល់ដល់ប្រទេសកម្ពុជា នូវគម្រោងអាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លីដទៃទៀត ដែលបានរួមចំណែកយ៉ាងសំខាន់ដល់តម្រូវការរបស់យើង ក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលមានគុណភាព សមត្ថភាព និងផលិតភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជំនួយដែលបានផ្តល់មកជាបន្តបន្ទាប់របស់ប្រទេសជប៉ុន ដល់ប្រទេសកម្ពុជា ឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ និងការគាំទ្រឥតឈប់ឈររបស់ប្រទេសជប៉ុនចំពោះការអភិវឌ្ឍរយៈពេលវែងនៅប្រទេសកម្ពុជា។ ជប៉ុនក៏កំពុងគាំទ្រយ៉ាងខ្លាំងក្លាដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្ដល់ជំនួយឥតសំណងជាង៥០លានដុល្លារ និងប្រាក់កម្ចីប្រមាណ២៣០លានដុល្លារ។ កាលពីថ្ងៃសុក្រ ទី២៣ ខែកក្កដា សប្តាហ៍មុន ការមកដល់របស់វ៉ាក់សាំងជើងទីមួយនៃវ៉ាកសាំងសរុបចំនួន១លានដូស ដែលជាជំនួយរបស់ជប៉ុន ត្រូវបានស្វាគមន៍ដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្នុងនាមប្រជាជនកម្ពុជា សម្តេចតេជោ បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន និងបានពិពណ៌នាការបរិច្ចាគនេះថា ជា “ភ័ស្តុតាងថ្មីដែលឆ្លុះបញ្ចាំងពីកាយវិការមនុស្សធម៌ដ៏ជ្រាលជ្រៅ និងការទទួលខុសត្រូវដ៏ធំធេងរបស់ប្រទេសជប៉ុន ក្នុងការគាំទ្រប្រទេសដែលមានធនធាន និងលទ្ធភាពនៅមានកម្រិត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩”។ ជំនួយរបស់ប្រទេសជប៉ុននេះ ដែលគ្របដណ្តប់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សុខភាព និងការអប់រំ ក្នុងចំណោមវិស័យជាច្រើនផ្សេងទៀត បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម និងធនធានមនុស្សនៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា ទន្ទឹមនឹងការសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ដល់ប្រទេសកម្ពុជា សូមថ្លែងអំណរគុណចំពោះឯកអគ្គរាជទូត មិកាមិ និងសហការី របស់លោកនៅស្ថានទូតជប៉ុន ព្រមទាំងបុគ្គលិកនៃទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) សម្រាប់កិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់ និងការចូលរួមយ៉ាងសកម្មរបស់ពួកគេ ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា និងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងប្រទេសយើងទាំងពីរ។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី២៦ ខែកក្កដានេះ បានឲ្យដឹងថា ឆ្លើយតបទៅនឹងសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្ដល់ហិរញ្ញប្បទាន ឥតសំណងចំនួន ៣៦២ លានយ៉េន ឬប្រមាណ ៣,៣ លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីអនុវត្ត “គម្រោងកម្មវិធីអាហារូបករណ៍ សម្រាប់ការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្តមអគ្គរាជទូត បន្តថា នៅប្រទេសកម្ពុជាការអភិវឌ្ឍធនធានមនុស្សដែលមានការអប់រំខ្ពស់ និងបទពិសោធន៍អន្តរជាតិ គឺជាកិច្ចការបន្ទាន់ដើម្បីបង្កើនសមត្ថភាពក្នុងការបំពេញតម្រូវការមូលដ្ឋានរបស់ប្រជាជនកម្ពុជា និងលើកកម្ពស់ គុណភាពជីវិតជាមួយនឹងស្តង់ដារអន្តរជាតិ ដូច្នេះហើយ ប្រទេសជប៉ុន បាននិងកំពុងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមរបស់ខ្លួនបន្ថែមទៀត។ ជាផ្នែកនៃកិច្ចសហប្រតិបត្តិ ការនេះ យើងជួយមន្ត្រីវ័យក្មេងកម្ពុជាទទួលបានសញ្ញាបត្រ (អនុបណ្ឌិត(បណ្ឌិតពីថ្នាក់ក្រោយឧត្តម សិក្សានៅប្រទេសជប៉ុន។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ មន្ត្រីវ័យក្មេងកម្ពុជាចំនួនប្រមាណ២៦រូប នឹងអាចទៅសិក្សានៅសាកលវិទ្យាល័យនានាក្នុងប្រទេសជប៉ុន។ យើងរំពឹងថាធនធានមនុស្សក្រោមកិច្ចសហប្រតិបត្តិការនេះនឹង ចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាបន្ថែមទៀតនាពេលអនាគតលើវិស័យនីមួយៗ ការយល់ដឹងរួមគ្នាព្រមទាំងការកសាងទំនាក់ទំនងមិត្តភាពរវាងជប៉ុន និងកម្ពុជាផងដែរ៕
ដោយៈពលជ័យ