ក្រុមបាល់ទាត់ជើងខ្លាំងមិនស្គាល់ការចាញ់! យុវជននគររាជ AFT ឈានដល់វគ្គ១៦ក្រុមបន្តទៀតនៃពានរង្វាន់ “ការប្រកួតជើងឯកអាយុក្រោម១៦ឆ្នាំ” របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក)

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជននគររាជ AFT ដែលជាក្រុមឆ្នើមមួយលេងមិនធ្លាប់ស្គាល់ពាក្យថា បរាជ័យនៅក្នុងចំណោម០៣ប្រកួតក្នុងពូល H របស់ខ្លួននោះ នាព្រឹកថ្ងៃទី២២ ខែកុម្ភ ឆ្នាំ២០២០នេះ បានចូលទីលានហ្វឹកហាត់ដើម្បីកំដៅសាច់ដុំ មុនពេលធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តកោះកុង ដើម្បីទៅធ្វើការប្រកួតជាមួយក្រុមសាលាតម្រង់ទិសខេត្តកោះកុង នៅឯកីឡាដ្ឋាន សាលាតម្រង់ទិសខេត្តកោះកុង ដើម្បីដណ្តើមជើងឯកនៃពានរង្វាន់ “ការប្រកួតជើងឯកអាយុក្រោម១៦ឆ្នំា” ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) ។

នៅក្នុងចំណោម០៣ប្រកួតក្នុងពូល H ក្រុមបាល់ទាត់យុវជននគររាជ AFT បានប្រើបច្ចេកទេស និងការសហការគ្នាជាក្រុមលេងបានយ៉ាងល្អនៅលើសមភូមិវាលស្មៅ ដោយក្នុងនោះបានយកឈ្នះលើក្រុមសាលាតម្រង់ទិសខេត្តកណ្តាល ក្រុមសាលាតម្រង់ទិសខេត្តតាកែវ និងក្រុមសាលាតម្រង់ទិសខេត្តកំពង់ស្ពឺ ណាហ្គាវើលដ៍ ទទួលបាន៩ពិន្ទុឈរលើកំពូលតារាងនៃពូល H ។

ហើយបន្ទាប់ពីបានបញ្ចប់វគ្គជម្រុះក្នុងពូល H ដោយជោគជ័យនោះ ក្រុមបាល់ទាត់យុវជននគររាជ AFT បានឡើងទៅកាន់វគ្គ១៦ក្រុមដែលស្ថិតនៅក្នុងពូល D ជាបន្តទៀត ក្នុងនោះក្រុមបាល់ទាត់យុវជននគររាជ AFT នឹងត្រូវប៉ះជាមួយក្រុមសាលាតម្រង់ទិសខេត្តកោះកុង, ក្រុមសាលាតម្រង់ទិសអនុវិទ្យាល័យសម្តេចឪខេត្តព្រះសីហនុ និងក្រុមសាលាតម្រង់ទិសខេត្តកំពង់ស្ពឺ ណាហ្គាវើលដ៍ នាមុនពេលឈានទៅដល់វគ្គជម្រុះបន្តបន្ទាប់ទៀត និង ការដណ្តើមជើងឯកនៃពានរង្វាន់ “ការប្រកួតជើងឯកអាយុក្រោម១៦ឆ្នាំ” របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) ។

នាឱកាសចូលទីលានហ្វឹកហាត់ដើម្បីកំដៅសាច់ដុំ មុនពេលប្រកួតជាមួយក្រុមសាលាតម្រង់ទិសខេត្តកោះកុងនៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈនេះ តំណាងក្រុមបាល់ទាត់យុវជននគររាជ AFT បានបញ្ជាក់ពីការតាំងចិត្តរបស់ខ្លួនទៅកាន់អ្នកគាំទ្រថា ខ្លួន និង ក្រុមទាំងមូលមានការប្តេជ្ញាខ្ពស់ ក្នុងការ ស្វែងរកគ្រាប់បាល់ស៊ុតបញ្ចូលទីគូរប្រកួត ដើម្បីដណ្តើមជ័យជំនះឡើងទៅកាន់វគ្គជម្រុះ៨ក្រុមចុងក្រោយ ។ យុវជនរូបនេះបន្តថា បច្ចុប្បន្នក្រុមបាល់ទាត់នគររាជ AFT ដែលមានយុវជនថ្នាលសរុបជិត៨០នាក់ ក្នុងនោះរួមមានយុវជនថ្នាលអាយុក្រោម១២ឆ្នាំ ១៤ឆ្នាំ និង១៦ឆ្នាំ កំពុងស្វែងរកការជួយឧបត្ថម្ភគាំទ្របន្ថែមទៀត ដោយសារតែក្រុមខ្លួននៅមានកង្វះខាតជាច្រើនដូចជាផ្នែកសម្ភារៈ និងបច្ចេកទេសជាដើម ។

ជាមួយគ្នានេះ ក្រុមបាល់ទាត់យុវជននគររាជ AFT ក៏អំពាវនាវឱ្យអាណាព្យា បាលទាំងអស់បញ្ជូនបុត្រធីតាមកចូលរួមហ្វឹកហាត់ជាមួយក្រុម AFT ផងដែរ ដើម្បីសុខភាព ជៀសឆ្ងាយពីគ្រឿញៀន និង អំពើអបាយមុខផ្សេងៗ ក៏ដូចជាជួយលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា ហើយការចុះឈ្មោះចូលរួមអាចទំនាក់ទំនងបានតាមរយៈគេហទំព័រ Facebook : ក្រុមបាល់ទាត់យុវជននគររាជ AFT (Norkor Reach AFT) ដោយធ្វើការហ្វឹកហាត់រៀងរាល់ព្រឹកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦៖៣០នាទី ដល់ម៉ោង៩៖០០នាទី នៅទីលានបាល់ទាត់ភ្នំពេញស៊ីធីត (បឹងកក់) ។ យុវជនរូបនេះបន្ថែមទៀតថា ភាពជោគជ័យ និង ជ័យជំនះរបស់ក្រុមខ្លួនកន្លងមកនេះ នឹងមិនអាចកើតឡើងបានឡើយ ប្រសិនបើគ្មានការជួយជ្រោមជ្រែងពីសំណាក់លោកគ្រូបង្វឹក និង ថ្នាក់ដឹកនាំក្រុម ជាពិសេសម្ចាស់ឧបត្ថម្ភក្រុមទាំងមូល ក្នុងនោះរួមមានក្រុមហ៊ុន Oishi , ក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia និង អាស៊ី អូតូ លក់រថយន្ត ព្រមទាំងគណៈគាំទ្រជាច្រើនរូបផ្សេងទៀត ។

សូមជម្រាបផងដែរថា ចំពោះគោលបំណងនៃការរៀបចំឲ្យមានការប្រកួតជម្រើសរើសជើង ឯកយុវជនអាយុក្រោម១៦ឆ្នាំ និង១៨ឆ្នាំនេះ គឺត្រូវបានធ្វើឡើងដោយយោងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍បាល់ទាត់ឆ្ពោះទៅកាន់កីឡាស៊ីហ្គេមឆ្នាំ២០២៣ គឺមានន័យថា ដើម្បីជ្រើសរើសបានកីឡាករវ័យក្មេង មានសមត្ថភាព និងទេពកោសល្យ សម្រាប់ត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ហើយការប្រកួតនេះ ក៏យោងផែនការសកម្មភាពការការងារឆ្នាំ២០១៩ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner