សមាជិកអាស៊ាន៣ប្រទេសហើយ មានអ្នកឆ្លងកូវីដ លើស១លាននាក់
បន្ទាប់ពីឥណ្ឌូនេស៊ី និងហ្វីលីពីន ឥលូវនេះ ប្រទេសអាស៊ានមួយទៀត មានអ្នកឆ្លងកូវីដ លើស១លាននាក់ដែរ នោះគឺប្រទេសម៉ាឡេស៊ី ដោយខ្លួនបានប្រកាសកាលពីថ្ងៃអាទិត្យ ទី២៥ កក្កដា ម្សិលមិញ ពីការឆ្លងកូវីដ១៩ ករណីថ្មីៗចំនួន១៧០៤៥នាក់ទៀត ជាអត្រាឆ្លងប្រចាំថ្ងៃដ៏ខ្ពស់បំផុត សម្រាប់ប្រទេសជាសមាជិកប្រជាជាតិអាស៊ានមួយនេះ។
ចំនួនឆ្លងថ្មីទាំងនេះ ធ្វើឲ្យម៉ាឡេស៊ីមានអ្នកឆ្លងសរុបកើនលើស ១លាននាក់ហើយ នេះបើតាមការក្រសួងសុខាភិបាលម៉ាឡេស៊ីប្រកាស។ ក្រៅពីឆ្លងថ្មីជាង១ម៉ឺន៧ពាន់នាក់ទៀត ម៉ាឡេស៊ីក៏បានរាយការណ៍ពីការស្លាប់មនុស្សព្រោះជំងឺកូវីដ១៩ ចំនួន៩២នាក់ទៀត នាំឲ្យមនុស្សស្លាប់សរុបកើនដល់ ៧៩៩៤នាក់ហើយ។
អ្នកជំងឺប្រមាណ ជិត១ម៉ឺននាក់ទៀតត្រូវបានព្យាបាលឲ្យជាសះស្បើយ នាំឲ្យអ្នកជាសរុបកើនដល់ ៨៤៤៥៤១នាក់៕