ទូកខេត្តសៀមរាប ទទួលបានចំណាត់លេខ១ លើវិញ្ញាសា១០០០ម៉ែត្រ ផ្នែកបុរស នៃការប្រកួតកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ប្រចាំភូមិភាគបឹងទន្លេសាប
ទូកខេត្តសៀមរាប ទទួលបានចំណាត់លេខ១ លើវិញ្ញាសា១០០០ ផ្នែកបុរស នៃការប្រកួតកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ទូកកានូ កាយ៉ាក់ និងរ៉ូអ៊ីង ប្រចាំភូមិភាគបឹងទន្លេសាប និងដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០ នៅបឹងឈូកស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
យោងតាមលទ្ធផលពីលោក គង់ សុភាព មន្ត្រីគណៈកម្មការបច្ចេកទេស បានឲ្យដឹងថា ចំពោះលទ្ធផលជ័យលាភីវិញ្ញាសា១០០០ម៉ែត្រនេះ លេខ១ ទូកខេត្តសៀមរាប លេខ២ ទូកខេត្តបន្ទាយមានជ័យ លេខ៣ ទូកខេត្តកំពង់ឆ្នាំង ខណៈវិញ្ញាសា៥០០ម៉ែត្រ ទូកខេត្តសៀមរាប ត្រូវបន្តជួបគ្នាដណ្តើមពានជាមួយ ទូកខេត្តបន្ទាយមានជ័យ ចំណែកឯ ទូកខេត្តកំពង់ឆ្នាំង ដណ្តុមលេខ៣ ជាមួយខេត្តពោធិសាត់ ។ មន្ត្រីគណៈកម្មការបច្ចេកទេសរូបនេះ បន្ថទៀតថា ក្រៅពីវិញ្ញាសា២ខាងលើ ក៏មានការប្រកួតទូកកានូ និងកាយ៉ាក់ ព្រមទាំងមានការបង្ហាញពិសេសរបស់កីឡាករមកពីកងទ័ពជើងទឹក លើប្រភេទទូករ៉ូអ៊ីង ។
យោងតាមលិខិតរបស់ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បង្ហាញថា ការប្រកួតកីឡាទូកនេះ គឺដើម្បីបំផុស និងលើកកម្ពស់ប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងរ៉ូអ៊ីង ឲ្យមានសកម្មភាពនៅទូទាំងប្រទេស ដើម្បីមានលទ្ធភាព សមត្ថភាព ចូលរួមកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមជម្រាបថា ការប្រកួតកីឡាទូកប្រពៃណី ខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ -កាយ៉ាក់ បែងចែកជា៥ភូមិភាគ រួមមាន ភូមិភាគរាជធានីភ្នំពេញ ភូមិភាគវាលរាប ភូមិភាគនិរតី ភូមិភាគបឹងទន្លេសាប និងភូមិភាគឦសាន។
គួររម្លឹកថា មុនការប្រកួតទូកប្រពៃណីអន្ដរជាតិ «ទូកនាគ» ទូកកានូ និងទូករ៉ូអ៊ីង ប្រចាំភូមិភាគ បឹងទន្លេសាប និងដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០ សហព័ន្ធបា ន ប្រកួតរួច២ភូមិភាគហើយ គឺភូមិភាគវាលរាប ដោយខេត្តកណ្តាលជាជើងឯក ខេត្តព្រៃវែង ជើងឯករង និងខេត្តកំពង់ចាមលេខ៣ រីឯភូមិភាគនិរតី ខេត្តកោះកុង ជើងឯក ខេត្តកំពង់ស្ពឺលេខ២ និងលេខ៣ ខេត្តកែប ។
សូមបញ្ជាក់ថា ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» និងទូកកានូ កាយ៉ាក់ នៅភូមិភាគបឹងទន្លេសាប និងដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០២០ ៕




