ក្រុមអ្នកតាក់តែងច្បាប់បារាំង អនុម័តសេចក្តីព្រាងច្បាប់ដើម្បីទប់ទល់នឹងរលកទីបួននៃជំងឺកូវីដ-១៩
ហួន ឌីណា
ប៉ារីស៖កាលពីថ្ងៃចន្ទនេះ សភាបារាំងបានអនុម័តលើសេចក្តីព្រាងច្បាប់ ដែលនឹងតម្រូវឱ្យបុគ្គលិកសុខាភិបាលមានកាតព្វកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក៏ដូចជាតម្រូវឱ្យមានសំបុត្របញ្ជាក់សុខភាពមុនចូលកន្លែងសាធារណៈសម្រាប់ប្រជាជនទូទៅ ស្របពេលប្រទេសបារាំងកំពុងប្រយុទ្ធប្រឆាំងនឹងរលកទីបួននៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
អ្នកទេសចរដែលធ្វើដំណើរទៅកាន់សារមន្ទីរ រោងកុន ឬអាងហែលទឹកនៅប្រទេសបារាំង ត្រូវបានគេបដិសេធមិនឱ្យចូល ប្រសិនបើពួកគេមិនមានលិខិតដែលបញ្ជាក់ថាខ្លួនបានទទួលវ៉ាក់សាំងកូវីដ-១៩ ឬ តេស្តអវិជ្ជមាននៃវីរុសនាពេលថ្មីៗនេះ។ លក្ខខណ្ឌទាំងនេះ ត្រូវបានតម្រូវនៅក្នុងការប្រារព្ធពិធីធំៗ ឬក្លឹបកំសាន្ត។
វិធានការដែលមាននៅក្នុងសេចក្ដីព្រាងច្បាប់នេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំនេះ។ ក៏ប៉ុន្តែ តុលាការកំពូលរបស់ប្រទេស នឹងផ្ដល់ភ្លើងខៀវចុងក្រោយមុន ពេលច្បាប់នេះចូលជាធរមាន។ យ៉ាងណាមិញ វិធានការដដែល ប្រហែលជានឹងចាប់ផ្ដើមអនុវត្តនៅដើមខែសីហា ខាងមុខនេះទៅ។
ដូចប្រទេសជាច្រើនទៀតនៅទូទាំងទ្វីបអឺរ៉ុប ប្រទេសបារាំងកំពុងប្រឈមមុខនឹងរាលដាលវ៉ារ្យ៉ង់ដែលតា ដែលកំពុងគំរាមកំហែងដល់ការងើបឡើងវិញនៃសេដ្ចកិច្ចរបស់ប្រទេស។ អាជ្ញាធរកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសម្រួលដល់ការចាក់វ៉ាក់សាំងដ៏ធំ ហើយកំពុងផ្សព្វផ្សាយដល់អ្នកដែលមិនបានធ្វើការណាត់ជួបដើម្បីទទួលវ៉ាក់សាំង។
គិតត្រឹមថ្ងៃអាទិត្យ ៤៩,៣% នៃប្រជាជន ៦៧ លាននាក់របស់បារាំង បានទទួលវ៉ាក់សាំងកូវីដ-១៩ ពេញលេញ ក៏ប៉ុន្តែអ្នកជំនាញខ្លះនិយាយថា វានៅតែឆ្ងាយពី «ភាពស៊ាំសហគមន៍»។ អ្នកជំនាញនៃវិទ្យាស្ថានប៉ាស្ទ័ររបស់ប្រទេសបាននិយាយកាលពីដើមឆ្នាំនេះថា ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងទូទៅនៅក្នុងប្រទេសបាន ទាល់តែមនុស្សពេញវ័យជាង ៩០% បានទទួលវ៉ាក់សាំង។

ប្រភពៈ
- French lawmakers approve bill to tackle fourth wave of coronavirus https://www.usnews.com/news/world/articles/2021-07-25/french-lawmakers-approve-bill-to-tackle-fourth-wave-of-coronavirus