បារាំងជំរុញឱ្យមានការស៊ើបអង្កេតបន្ថែម លើក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីស្រាអ៊ែលធ្វើចារកម្មលើពិភពលោក

ប្រធានាធីបតីបារាំង​ លោក Emmanuel Macron ​ចេញ​ថ្លែង​ការណ៍​មួយ​ទៅ​កាន់​​នាយករដ្ឋ​មន្រ្តីអ៊ី​ស្រាអែល គឺ​លោក Naftali Bennett ដើម្បីធានាឱ្យបានថា​រដ្ឋាភិបាល​អ៊ីស្រាអែល​ នឹង​ស៊ើប​​អង្កេត​យ៉ាង​ល្អិតល្អត់​លើករណីមួយ ហើយ​​ប្រធានាធិបតីបារាំង​ចោទប្រកាន់ថា​ខ្លួន​ក្លាយជា​គោល​ដៅ​ចារកម្ម​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អ៊ីស្រាអែល​។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន The Guadian កាលពី​ពេល​​​ថ្មីៗ​នេះ​។

លោក Macron បង្ហាញការព្រួយបារម្ភថា​​ខ្សែរ​ទូរស័ព្ទ​របស់លោក​ជាមួយនឹង​គណៈរដ្ឋមន្រ្តី​ភាគច្រើន​អាច​ឆ្លង​មេរោគ​ Pegasus ​ជាកម្មវិធីលួចស្តាប់​ព័ត៌មានតាម​ទូរស័ព្ទ​បង្កើត​ឡើង​ ដោយ​ក្រុមហ៊ុន​ឃ្លាំ​មើល​​អ៊ីស្រាអែល NSO ​អាចឱ្យប្រតិបត្តិករ​នៃកម្មវិធីនេះ​ដកស្រង់សារ​រូបភាព​និងអ៊ីមែល កត់ត្រា​ការ​ហៅទូ​រស័ព្ទ និង​បើក​មីក្រូហ្វូន​ដោយសម្ងាត់​លើ​​ឧបករណ៍ដែលមាន​វីរុស​​។​

​ទិន្នន័យ database ដែល​បាន​បែកធ្លាយ​ចេញ​ពី​គម្រោង Pegasus មាន​រួមបញ្ចូល​ទាំង​លេខ​ទូរស័ព្ទ​ដៃរ​បស់​លោក​ Macron ផងដែរ​។

យ៉ាងណាមិញ ក្រុមហ៊ុន​ NSO បាននិយាយថា លោក Macron មិនមែនជាគោលដៅរបស់អតិថិជន​ខ្លួន​ណា​មួយទេ ពោល​​ក្រុមហ៊ុនបដិសេធថា ខ្លួន​មិន​បាន​ជ្រើសរើស​លោក​ Macron ដើម្បី ជាគោល​ដៅ​ក្នុង​ការ​​ឃ្លាំមើល ដោយប្រើមេរោគ​ Pegasus នោះទេ​។ ក្រុមហ៊ុននិយាយថា ការពិតដែល​ថាលេខ​របស់​លោក​មានវត្តមាននៅក្នុង​បញ្ជី​ គឺមិនមានន័យថា​ លេខ​នោះ​​ត្រូវបានជ្រើសរើសសម្រាប់​ការឃ្លាំមើល ដោយប្រើ Pegasus ទេ។

គម្រោង Pegasus មិនអាចពិនិត្យមើលទូរស័ព្ទចល័តរបស់មេដឹកនាំ និងអ្នកការទូតបានទេ ដូច្នេះ​មិន​មាន​ភស្ដុតាង​ណាមួយ ដែល​អាចបញ្ជាក់ថា តើក្រុមហ៊ុន​នេះ​មានការប៉ុនប៉ង​ដំឡើង​មេរោគ​នៅ​លើ​ទូរស័ព្ទ​របស់​គោល​ដៅពួកគេឬយ៉ាងណាទេ។

ទោះយ៉ាងណា ការិយាល័យនាយករដ្ឋមន្រ្តី បានបដិសេធមិនធ្វើអត្ថាធិប្បាយ​លើ​ការហៅទូរស័ព្ទ ឬ ការសន្ទនា​របស់​មេដឹកនាំទាំងពី​រ​ឡើយ​។ តែ​បើ​យោងតាមប៉ុស្តិ៍លេខ ១២ របស់អ៊ីស្រាអែល ដែល​​បាន​រាយការណ៍​អំពី​​សន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ​ ប្រភពមិនបញ្ចេញឈ្មោះ​ម្នាក់​បាននិយាយ​ថា​ លោក Bennett បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ ដែលបានចោទប្រកាន់ ​បានកើត​ឡើង​មុនពេលគាត់​ចូលកា​ន់តំណែង​នៅខែ​ ឧសភា ហើយគណៈកម្មការរបស់ខ្លួនកំពុងពិនិត្យមើលថា តើច្បាប់​ស្តីពីការ​វាយ​លុក​តាម​​​អ៊ីនធើណេតរ​បស់​អ៊ីស្រាអែល ដូចជាគម្រោង​ Pegasus  គួរ​តែត្រូ​វ​រឹត​បន្តឹង​បន្ថែម​ដែរ​ឬ​យ៉ាងណា​។

គម្រោង Pegasus ដែលមាន​សម្ព័ន្ធជាមួយ​ប្រព័ន្ធផ្សព្វផ្សាយចំនួន ១៧ រួមទាំងកាសែត The Guardian ផងនោះ បានបង្ហាញកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលដែល​ជាអតិថិជន ​របស់ខ្លួន​នៅជុំវិញពិភ​ព​លោក​ បាន​ប្រើ​ប្រាស់សូហ្វវែរ ទិញពីក្រុមហ៊ុន NSO ដើម្បីតាមដាន​​លើ​សកម្មជន​សិទ្ធិ​មនុស្ស​ អ្នកសារព័ត៌មាន និង​មេធាវី​នានា​។

ការស៊ើបអង្កេត ធ្វើឡើង​ដោយ​ផ្អែកលើការវិភាគកោសល្យវិច្ច័យ​លើទូរស័ព្ទ និងការវិភាគទិន្នន័យ​ ដែល​បានលេច​ធ្លាយលេខ​ទូរស័ព្ទ​ចំនួន ៥០០០០ ក្នុងនោះរាប់បញ្ចូលទាំងលោក Macron និងប្រមុខរដ្ឋ​ និង​រដ្ឋាភិបាលជាន់ខ្ពស់ មន្ត្រីការទូត និងយោធានៅ​ក្នុងប្រទេសចំនួន ៣៤ ​លើពិភពលោក​។

បើទោះជាក្រុមហ៊ុន NSO តែងតែ​ធានាលេខទូរស័ព្ទ ដែល​ត្រូវ​បាន​លេចធ្លាយនេះ មិនត្រូវបានប្រើប្រាស់ជា​គោល​ដៅ​​នៃមេរោគ Pegasus ក្ដី ក៏​បញ្ជីនេះត្រូវបានគេជឿជាក់ថា ផ្តល់នូវព័ត៌មាន អំពី​អ្នក​ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណជាមនុស្ស​ដែលត្រូវបានគេ​កំណត់​គោលដៅ​ ដោយ​អតិថិជនរបស់ក្រុមហ៊ុន NSO។

បញ្ជីនេះ​រួមបញ្ចូល​ទាំង​លេខ ទូរស័ព្ទរបស់បុគ្គល  ដែល​ត្រូវបាន​តាមដាន​ដោយ​កម្មវិធី​ចារកម្ម​លួច​ទិន្នន័យ​តាម​ទូរស័ព្ទ​ របស់ក្រុមហ៊ុន NSO។ នេះបើយោ​ងតាមការវិភាគរបស់ឧ​បករណ៍ Pegasus របស់ពួកគេ។ ការវិភាគ​នេះត្រូ​វបានធ្វើឡើង ដោយមន្ទីរពិសោធន៍សន្តិសុខរបស់អង្គការ​លើកលែងទោសអន្តរជាតិ​ ដែល​បាន​រកឃើញ​ដាន​ទាក់ទងនឹងសកម្មភាពរបស់​ឧ​បករណ៍​ Pegasus លើទូរស័ព្ទចំនួន ៣៧​ ក្នុងចំណោម ៦៧ ដែលខ្លួនបា​នវិភាគ។

ប្រភព៖ The Verge

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner