រដ្ឋបាលខេត្តក្រចេះ បន្តយុទ្ឋនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ចំនួន៣ស្រុកថែមទៀតនៅក្នុងខេត្តក្រចេះ
រដ្ឋបាលខេត្តក្រចេះ បានបន្តយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋចំនួន៣ស្រុកថែមទៀត នៅក្នុងខេត្តក្រចេះ បន្ទាប់ពីបញ្ចប់យុទ្ធនាការការចាក់វ៉ាក់សាំងនៅក្នុងក្រុងក្រចេះ ស្រុកព្រែកប្រសព្វ និងស្រុកឆ្លូង ត្រូវបានបញ្ចប់ជាស្ថាពរ កាលពីថ្ងៃទី២៥ ខែកក្តដា កន្លងទៅនេះ ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តក្រចេះបានឲ្យដឹងថា បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅក្នុងក្រុងក្រចេះ ស្រុកព្រែកប្រសព្វ និងស្រុកឆ្លូង ត្រូវបានបញ្ចប់ រដ្ឋបាលខេត្តក៏បានបន្តរៀបចំចាក់ជូនប្រជាពលរដ្ឋនៅក្នុងស្រុកចំនួន៣ទៀតគឺ៖ ស្រុកចិត្របុរី ស្រុកសំបូរ និងស្រុកស្នួល ដោយចាប់ផ្តើមពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ តទៅ ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ គេសង្កេតឃើញប្រជាពលរដ្ឋជាច្រើនកុះករបាននាំគ្នាទៅចាក់វ៉ាក់សាំងកូវីត១៩ តាមគោលការណ៍ស្ម័គ្រចិត្ត នៅតាមទីតាំងនីមួយៗក្នុងស្រុកទាំង៣ខាងលើ ដោយមានភ្ជាប់ជាមួយនូវឯកសារពាក់ព័ន្ធ លិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ ហើយអ្វីដែលពិសេសនោះ ប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងទាំងនោះមានការចូលរួមដោយមានការពាក់ម៉ាស់ការពារផងដែរ៕
របាយការណ៍របស់រដ្ឋបាលខេត្តក្រចេះ បញ្ជាក់ថាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងដំណាក់កាលទី៣ ដែលចាប់ផ្ដើមតាំងពីថ្ងៃទី១២ដល់ថ្ងៃទី២៤ ខែកក្កដានេះគឺបានចាក់ជូនប្រជាពលរដ្ឋនៅក្នុងក្រុងក្រចេះ ស្រុកព្រែកប្រសព្វនិងស្រុកឆ្លូង សរុបចំនួន២៦.៦៩២នាក់ ក្នុងនោះស្រី១៣.៦១២នាក់ ។
ដោយឡែកសម្រាប់អ្នកឆ្លងនូវជំងឺកូវីដ១៩ នៅក្នុងខេត្តក្រចេះ គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ មាន សរុប២៧០នាក់ ព្យាបាលជាសះស្បើយចំនួន១៦៩ នាក់ស្លាប់ចំនួន៥នាក់ និងនៅនៅសល់៩៦នាក់ទៀត ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនិងមណ្ឌលព្យាបាលជំងឺកូវីដ១៩នៅក្នុងខេត្ត ។
យ៉ាងណាក៏ដោយរដ្ឋបាលខេត្តក្រចេះ ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បង្កើនកាប្រុងប្រយ័ត្ន អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារ និង៣កុំ តាមការណែនាំរបស់រាជរដ្ឋាភិបាលនិងវិធានការនានារបស់ក្រសួងសុខាភិបាលផងដែរ។ដោយ ម៉េង គាង