កូនស្រីលោក កឹម សុខា និងលោក សុន ឆ័យ នឹងបង្កើត គណបក្សនយោបាយថ្មីនៅចុងឆ្នាំ២០២១?
ភ្នំពេញៈ កូនស្រីលោក កឹម សុខា និងលោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិគ្រោងបង្កើត គណបក្សនយោបាយថ្មីនៅចុងឆ្នាំ២០២១ខាងមុខនេះ។ ការ បង្កើតគណបក្សថ្មីនេះ គឺបង្កើតផ្សេងគ្នា ដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខនេះ។ នេះបើតាមប្រភពស្និទ្ធនឹងលោក កឹម សុខា។ ចំណែកលោក គួយ ប៊ុនរឿន អតីត អនុប្រធាន គ.ជ.ប. នឹងទៅដឹកនាំគណបក្សបេះដូងជាតិ ដែលមានលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង នៅពីក្រោយ។
លោក ផាន់ ច័ន្ទស័ក្តិ
លោក ផាន់ ច័ន្ទស័ក្តិ អតីតមេធាវីលោក កឹម សុខា បានបង្ហើបឲ្យដឹងថា នៅចុងឆ្នាំ២០២១ និងក្នុងឆ្នាំ២០២២ និងមានគណបក្សនយោបាយចំនួន២ទៀតកើតឡើង។ ក្នុងអំឡុងខែតុលា ឬខែវិច្ឆិកា ខាងមុខនេះ កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា អាចនឹងសុំទោសសម្តេចតេជោ ហ៊ុន សែន ដែលខ្លួនបានធ្វើសកម្មភាពការទូតនយោបាយបំពានបម្រាមដែលសាលដីកាតុលាការកំពូលបានហាមឃាត់ និងវិលចូលប្រទេស ហើយសុំសិទ្ធិធ្វើនយោបាយ បង្កើតគណបក្សថ្មីមួយទៀត។ លោកបន្តថា លោក សុន ឆ័យ ក៏នឹងបង្កើតបក្សនយោបាយថ្មីមួយដែរ។ ចំណែកគណបក្សបេះដូងជាតិ មិនមែនដឹកនាំដោយលោក ថាច់ សេដ្ឋា នោះទេ គឺដឹកនាំដោយលោក គួយ ប៊ុនរឿង អតីតអនុប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងត្រូវជាប្អូនថ្លៃលោក អេង ឆៃអាង។
កញ្ញា កឹម មនោវិទ្យា លោក សុន ឆ័យ
ទាក់ទងការលើកឡើងនេះ លោក សុន ឆ័យ និងកញ្ញា កឹម មនោវិទ្យា មិនអាចសុំការអត្ថាធិប្បាយបានទេ។ លោក ផាន់ ច័ន្ទស័ក្តិ បានបន្តទៀតថា លោកសង្កេតឃើញអ្នកជាបញ្ញវន្ត និងមន្រ្តីអតីតបក្សនយោបាយដែលបានរំលាយជាច្រើន មានការលើកឡើងពីទស្សនៈផ្សេងៗ និងចោទសព្វបែបយ៉ាងជុំវិញអ្នកស្នើសុំសិទ្ធិធ្វើនយោបាយ និងបង្កើតគណបក្សនយោបាយថា ជាអ្នកក្បត់ អ្នកលក់ឧត្តមគតិ ឬជាអាយ៉ងជាដើម ។ សម្រាប់លោកមើលឃើញថា ការបង្កើតគណបក្សនយោបាយច្រើនជារឿងល្អបំផុតសម្រាប់បរិស្ថានកម្ពុជា។ ហេតុអ្វីបានជាលោកយល់ខុសពីមនុស្សមួយចំនួនថា « មិនល្អ »ហើយលោកថា « ល្អ » ទៅវិញ ? ។ បើសិនយើងមើលនិយមន័យបក្សនយោបាយ គឺមានន័យថា « គណបក្សនយោបាយ ជាថ្នាលសម្រាប់បណ្តុះមេដឹកនាំប្រទេសសម្រាប់អនាគតឱ្យប្រទេសជាតិមួយមានមេដឹកនាំ ដឹកនាំប្រទេសបន្តជាប់គ្នាមិនដាច់។ មិនមែនបង្កើតបក្សនយោបាយសម្រាប់ជាសួនឧស្សាហកម្មរកផលចំណេញសម្រាប់ខ្លួនឯង និងគ្រួសាររបស់មេបក្សនោះទេ»។ ឧទាហរណ៍ ១-សម្តេចព្រះនរោត្តម សីហនុ បង្កើតគណបក្សហ៊្វុនស៊ិនប៉ិច បណ្តុះបានអ្នកនយោបាយជាច្រើន ក្នុងនោះក៏មានលោក សម រង្សី ម្នាក់ដែរ។ ២ – សម្តេច សឺន សាន បង្កើតគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា បណ្តុះបានអ្នកនយោបាយជាច្រើន ក្នុងនោះក៏មានលោក ប៉ុល ហំម និងលោក កឹមសុខា ( ប៉ុន្តែ លោក កឹម សុខា បានបំផ្លាញកេរ្តិ៍ដំណែលស្អាតស្អំរបស់សម្តេច សឺន សាន តាមរយៈភាពស្មោកគ្រោករបស់ខ្លួន )។
លោកបន្តថា បរិបទនយោបាយពេលនេះការបង្កើតបានគណបក្សនយោបាយមួយឡើង គឺស្មើនិងបង្កើតបានថ្នាលបណ្តុះមេដឹកនាំនយោបាយមួយនៅពេលអនាគត ។ បើសិនថ្នាលមួយ ( គណបក្សនយោបាយមួយ ) បណ្តុះបានអ្នកនយោបាយឆ្នើមពី០៥ទៅ១០នាក់ មានន័យថា គណបក្ស១០ បណ្តុះបានអ្នកនយោបាយឆ្នើមសម្រាប់ប្រទេសជាតិទៅអនាគត ចន្លោះពី៥០ ទៅ១០០នាក់។ដូច្នេះនឹងធ្វើឱ្យសង្គមជាតិយើង សម្បូរធនធានអ្នកនយោបាយបន្តវេនសម្បូរបែបជាមិនខាន។ លោកបន្ថែមថា ត្រឡប់មកវិញ តើយើងចង់បញ្ចប់អ្វីៗគ្រប់យ៉ាងត្រឹមយុគសម័យ សម រង្សី និង កឹម សុខា នេះឬយ៉ាងណា ? បានជាយើងមិនព្រមមើលទៅមុខមើលទៅខ្មែរដទៃៗ ផ្សេងទៀតនោះ? ។ បើសិនអស់លោក មិនព្រមមើលសមត្ថភាពខ្លួន លោកក៏ហ៊ីទៅចុះ តែកុំមើលងាយអ្នកផ្សេងទៅបានហើយ។ អ្នកដែលតែងតែយល់ទាស់មិនចង់ឱ្យខ្មែរដទៃបង្កើតគណបក្សនយោបាយ អ្នកនោះឯងដែលដើរស្របទៅនឹងគំនិតគណបក្សកាន់អំណាចដែលគេចង់បាន បីដូចប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក៏ដូចលោក សុខ ឥសាន ធ្លាប់លើកឡើងថា « បងប្អូនអ្នកទទួលបានសិទ្ធិធ្វើនយោបាយហើយ ទៅរកស៊ីទទួលទានចុះជាការប្រសើរ» « កឹម សុខា និងសម រង្សី មិនអមតៈទេ »។
សូមជម្រាបថា មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ មួយចំនួនដែលទទួលបានសិទ្ធិធ្វើនយបាយឡើងវិញបាន បង្កើតគណបក្សថ្មី មានដូចជា ក្រុមលោករៀល ខេមរិន្ទ្រ បង្កើតគណបក្សខ្មែរអភិរក្ស , ក្រុមលោកជីវ កត្តា បង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ , ក្រុមលោកអ៊ូ ច័ន្ទរ័ត្ន បង្កើត គណបក្សកែទម្រង់កម្ពុជា , ក្រុមលោកយ៉ែម បុញ្ញឫទ្ធិ បង្កើតគណបក្សកម្ពុជានិយម , គណបក្សបេះដូង ជាតិ បង្កើតដោយក្រុមលោកអេង ឆៃអ៊ាង មូរ សុខហួរ , គណបក្សឆន្ទៈខ្មែរ បង្កើតដោយកូន ប្រុសលោកគង់ គាំ…៕
ដោយៈ ពលជ័យ