ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រគល់វិញ្ញាបនបត្រអនុញ្ញាត ឱ្យប្រើប្រាស់ ម៉ាកសមូហភាព “គុយទាវ ភ្នំពេញ” និងចូលរួមជាសាក្សីក្នុងពិធី ចុះកិច្ចសន្យាផ្តល់សិទ្ធិប្រកបអាជីវកម្ម “អ៊ុយគុយទាវ”

អត្ថបទដោយ៖
Kien Sereyvuth

ដើម្បីលើកកម្ពស់ការប្រើប្រាស់ម៉ាកសមូហភាព “គុយទាវ ភ្នំពេញ” នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ វិញ្ញាបនបត្រអនុញ្ញាតឱ្យប្រើប្រាស់ម៉ាកសមូហភាព “គុយទាវភ្នំពេញ” និងជាសាក្សីក្នុងពិធីចុះកិច្ចសន្យាផ្តល់សិទ្ធិ ប្រកបអាជីវកម្ម “អ៊ុយគុយទាវ” នៅភោជនីយដ្ឋាន យ៉ី សាង ឌឺហ្គាឌិន ទួលគោក។

នាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រធានសហព័ន្ធទេសចរណ៍កម្ពុជា ប្រធានសមាគមសហគមន៍ចុងភៅកម្ពុជា និងសហការីដែលបានយកអស់កំលាំងកាយចិត្ត សហការគ្នា យ៉ាងជិតស្និទ្ធ ក្នុងការខិតខំផ្សព្វផ្សាយ និងប្រើប្រាស់ម៉ាកសមូហភាព “គុយទាវភ្នំពេញ” ចាប់តាំងពី បានសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ កន្លងមកនេះ។ ជាក់ស្តែងពិធីប្រគល់វិញ្ញាបន បត្រអនុញ្ញាត ឱ្យប្រើប្រាស់ម៉ាកសមូហភាព “គុយទាវភ្នំពេញ” ជូនដល់សមាជិកថ្មីៗទៀត នៃសមាគមសហគមន៍ចុងភៅកម្ពុជានាថ្ងៃនេះ បានបង្ហាញ ពីវឌ្ឍនភាពនៃការប្រើប្រាស់ម៉ាកសមូហភាព “គុយទាវភ្នំពេញ” ដោយផ្សារ ភ្ជាប់ជាមួយប្រព័ន្ធ គ្រប់គ្រងត្រួតពិនិត្យគុណភាព និងស្តង់ដារអនាម័យស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីជួយទាក់ទាញភ្ញៀវទេសចរ ឱ្យស្គាល់រសជាតិ មុខម្ហូបដែលមានប្រវត្តិជាយូរលុងមកហើយ និងដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋកាត់បន្ថយភាពក្រីក្រ និងចូលរួមចំណែកកសាងសេដ្ឋកិច្ចជាតិ ឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត។ នេះក៏ជាសក្ខីភាព បង្ហាញឱ្យ ឃើញកាន់តែច្បាស់ ពីការរីកចម្រើន ក្នុងការប្រកបអាជីវកម្មប្រកបដោយ ជោគជ័យក្នុងវិស័យសេវាកម្មផ្តល់ចំណីអាហារ ដែលជួយលើកតម្កើងកិត្យានុភាព ម្ហូបជាតិ ឱ្យកាន់តែល្បីរន្ទឺ បន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានគូសបញ្ជាក់ និងកោតសរសើរទៀតថានាពេលថ្មីៗនេះ យើងសង្កេតឃើញថា មានភោជនីយដ្ឋានថ្មីៗ ជាច្រើនបានបង្កើតឡើងក្នុងរាជធានីភ្នំពេញ និងតាមបណ្តា ខេត្តក្រុងសំខាន់ៗមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជាក្រោម ទម្រង់ជាការផ្តល់សិទិ្ធ ប្រកបអាជីវកម្ម (Franchise) នៅក្នុងប្រទេស ពីក្រៅប្រទេសមកក្នុងប្រទេស និងពីក្នុងប្រទេសទៅក្រៅប្រទេស ដែលសកម្មភាពអាជីវកម្មទាំងនេះ ជាការនាំចេញនៅ នឹងកន្លែង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែង ការចុះកិច្ចសន្យាប្រគល់សិទិ្ធប្រកបអាជីវកម្ម “អ៊ុយគុយទាវ” នាថ្ងៃនេះបានបង្ហាញ ឱ្យឃើញថាគ្រឹះស្ថានប្រកបអាជីវកម្មណា ដែលបានប្រើប្រាស់ ឧបករណ៍កម្មសិទិ្ធបញ្ញា និងបង្កើតម៉ូដែល អាជីវកម្មផ្ទាល់ខ្លួនប្រកបដោយជោគជ័យម្ចាស់អាជីវកម្ម នោះនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ជាក់ជាមិនខានឡើយ។ លើសពីនេះ ក្រសួងពាណិជ្ជកម្មទើបតែបានចេញ ប្រកាសស្តីពីការកត់ត្រា កិច្ចសន្យាអាជ្ញាប័ណ្ណចំពោះម៉ាក និងកិច្ចសន្យាផ្តល់សិទ្ធិប្រកបអាជីវកម្មចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ កន្លងមកនេះក្នុងគោលបំណងលើកកម្ពស់ និងពង្រឹង ការគ្រប់គ្រងកិច្ចការកម្មសិទ្ធិបញ្ញា ការផ្ទេរបច្ចេកវិទ្យា និងចំណេះជំនាញ ការទាក់ទាញវិនិយោគ ការប្រកបអាជីវកម្ម និង ការប្រកួតប្រជែងស្មោះត្រង់ ដូច្នេះកិច្ចសន្យាអាជ្ញាប័ណ្ណ ឬកិច្ចសន្យាផ្តល់សិទ្ធិប្រកបអាជីវកម្ម ត្រូវយកមកកត់ត្រា នៅក្រសួងពាណិជ្ជកម្ម ទើបមានអានុភាពអនុវត្តដល់ភាគីទីបី។
ជាចុងបញ្ចប់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនប្រកបអាជីវកម្ម គុយទាវ ទាំងក្នុង និងក្រៅប្រទេស សូម ចូលជាសមាជិកសមាគមសហគមន៍ ចុងភៅ កម្ពុជា ឱ្យបានផុសផុល ដើម្បីបានប្រើប្រាស់ម៉ាកសមូហភាព “គុយទាវភ្នំពេញ” ឱ្យបានកាន់តែទូលំទូលាយ ដែលនឹង ចូលរួមចំណែកក្នុងការបំពេញ បេសកកម្មកសាងម៉ូដែលអាជីវកម្មជាសមូហភាពមួយប្រកបដោយជោគជ័យ ដែលនឹងក្លាយជាគំរូអាជីវកម្មដល់ វិស័យផ្សេងៗទៀត ដើម្បីលើកស្ទួយជីវភាពរបស់យើង និងចូលរួមចំណែក ក្នុងការកសាងសេដ្ឋកិច្ចជាតិ ឱ្យបានកាន់តែប្រសើរឡើងថែមទៀត៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner