អ្នកជំនាញកសិកម្ម និងជនអភិវឌ្ឍន៏សហរដ្ឋអាមេរិចមួយក្រុមមកស្វែងយល់ ពីសក្តានុពលវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា
ប្រតិភូសមាគម ម៉ាល (MARL)មកពីសហរដ្ឋអាមេរិកមួយក្រុម ដែលមានសមាភាពជា ផលិតករ កសិករខ្នាតធំ និងអ្នកជំនាញខាងកសិកម្ម និងអភិវឌ្ឍន៏ជនបទ បានមកស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា ដោយក្នុងនោះបានចូលជួបពិភក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ផងដែរ ដែលមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ឋនានា រួមមាន៖ ក្រសួងកសិកម្ម ពាណិជ្ជកម្ម អភិវឌ្ឍន៏ជនបទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៏ ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា និងថ្នាក់ដឹកនាំក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទជាច្រើនរូបទៀត ដើម្បីឆ្លើយនូវសំណួរទាំងឡាយដែលប្រតិភូចង់ដឹងពីការងារវិនិយោគ និងអភិវឌ្ឍន៏វស័យកសិកម្ម ឧស្សាហកម្ម ការងារជំរុញចលនាភូមិ១ផលិតផល១ ក៏ដូចជាការងារពាក់ព័ន្ឋផ្សេងទៀត។ កិច្ចពិភាក្សានេះ រៀបចំធ្វើនៅទីស្តីការគណរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២១ កុម្ភ ឆ្នាំ២០២០។
តំណាងប្រតិភូមកពីសហរដ្ឋអាមេរិក បានឲ្យដឹងថា ក្រុមប្រតិភូនៃសមាគមដែលមកពីសហរដ្ឋមេរិកនេះ សុទ្ឋតែជំនាញខាងកសិកម្ម ដូចជាការដាំដុះដំណាំ ការចិញ្ជឹមសត្វ ការចិញ្ចឹមគោយកសាច់ ការចិញ្ចឹមគោយកទឹកដោះ និងជំនាញខាងប្រព័ន្ឋស្រោចស្រប់ និងការប្រើប្រាស់ថាមពលសូឡាក្នុងវិស័យកសិកម្ម។ សមាគម ម៉ាល (MARL) ដែលមកពីរដ្ឋមីនីសូតា សហរដ្ឋអាមេរិក បានជ្រើសរើសប្រទេសកម្ពុជា ធ្វើជាទីកន្លែងសម្រាប់ពិសោធន៏ស្តីពីការអភិវឌ្ឍន៏វិស័យកសិកម្ម និងអភិវឌ្ឍន៏បទបែបទំនើប ឆ្លើយតបនឹងបំរែបំរួលអាកាសធាតុ និងតម្រូវការទីផ្សារ ដើម្បីធ្វើការវិនិយោគ ក្នុងគោលបំណងលើកស្ទួយជីវភាពកសិករនៅតាមទីជនបទ។ ជាមួយគ្នានោះ សមាគម ម៉ាល ក៏បានគោរពអញ្ជើញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងក្រសួង ស្ថាប័នពាក់ព័ន្ឋ ទៅបំពេញទស្សនកិច្ចនៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក ដើម្បីស្វែងយល់ពីការធ្វើកសិកម្ម និងអភិវឌ្ឍន៏ជនបទនៅសហរដ្ឋអាមេរិក ផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៏ថា កម្ពុជាបច្ចុប្បន្ន ក្រៅពីមានសុខសន្តិភាពបរិបូរណ៏ មានឯកភាពជាតិ ឯកភាពទឹកដី និងស្ថិរភាពនយោបាយដែលកើតចេញពីនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហើយនោះ កម្ពុជាពុំមានជំងឺឆ្លងប្រភេទថ្មី Covid-19 នោះទេ ហើយក៏សូមស្វាគមន៏ចំពោះក្រុមប្រតិភូនៃអង្គការ ម៉ាល (MARL) ដែលចង់មកស្វែងយល់ពីសក្តានុវិនិយោគលើវិស័យកសិកម្ម នៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា ជារួមសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានផ្លាស់ប្តូររចនាសម្ព័ន្ធគួរឲ្យកត់សម្គាល់ ពីការពឹងផ្អែកលើវិស័យកសិកម្ម ទៅរកការពឹងផ្អែកខ្លាំងលើវិស័យឧស្សាហកម្ម និងសេវាកម្មដែលមានតម្លៃបន្ថែម។ កំណើននេះ ត្រូវបានជម្រុញដោយស្ថិរភាពនយោបាយ ដែលផ្តល់ទំនុកចិត្តដល់វិនិយោគិនក្នុងស្រុក និងក្រៅស្រុក។ រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ជាដៃគូពិតប្រាកដក្នុងការអភិវឌ្ឍន៏ប្រទេស។ ក្នុងន័យនេះ យើងបានបង្កើតនូវវេទិការាជរដ្ឋាភិបាល-វិស័យឯកជនដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីផ្តល់ឱកាសដល់ផ្នែកឯកជនលើកឡើងពីបញ្ហាប្រឈម និងសំណូមពរនានាជូនរាជរដ្ឋាភិបាលពិនិត្យ និងចាត់វិធានការដោះស្រាយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនពីសក្តានុពលវិនិយោគ និងឧត្តមភាពរបស់កម្ពុជាលើ៤ចំនុច គឺទី១. ភាពអំណោយផលស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច, ទី២. ការបើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់, ទី៣. កម្លាំងពលកម្មមានភាពសម្បូរបែប និងវ័យក្មេង ដែលក្នុងនោះអ្នកមានអាយុ២៥ឆ្នាំចុះ មានចំនួន៧២% នៃប្រជាជនសរុប និងប្រាក់ឈ្នួលមានភាពប្រកួតប្រជែង និងទី៤. កម្ពុជាស្ថិតក្នុងទីតាំងយុទ្ឋសាស្ត្រនៃតំបន់អាស៊ាន ដែលបាន និងកំពុងក្លាយជារោងចក្រនៃអាស៊ី។ ឆ្លៀតក្នុងឱកាសនោះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តអ្នកវិនិយោគសហរដ្ឋអាមេរិក ក៏ដូចជាសមាជិកនានានៃសមាគម ម៉ាល ដែលមិនទាន់បានមកកម្ពុជា សូមអញ្ជើញមកសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគ ព្រមទាំងសម្រេចចិត្តវិនិយោគនៅកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមសូមធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថានគ្រប់បែបយ៉ាងដែលអនុគ្រោះ និងជម្រុញដល់ការវិនិយោគ ពិសេស គឺសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ ដែលប្រកបដោយប្រសិទ្ឋិភាព តម្លាភាព និងគណនេយ្យភាព។
ឆ្លើយតបនឹងការអញ្ជើញរបស់សមាគម ម៉ាល, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងរកពេលវេលាសមស្របណាមួយដើម្បីដឹកនាំប្រតិភូធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីវិស័យកសិកម្ម និងអភិវឌ្ឍន៏ជនបទនៅសហរដ្ឋអាមេរិក៕





