ប្រតិភូសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបចុះសួរសុខទុក្ខ បងប្អូនស្ត្រីដែលទើបនឹងសម្រាលកូននៅតាមមណ្ឌលសុខភាព
ដើម្បីចូលរួមអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅព្រឹកថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២០ គណៈប្រតិភូគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ផ្ដល់ជូនមាតា ទារកដែលទើបនឹងសម្រាលកូនតូចចំនួន៥៥នាក់ នៅមណ្ឌលសុខភាពចាន់សរ និងពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្នុងគោលបំណងលើកកម្ពស់ និងយកចិត្តទុកដាក់ចំពោះសុខភាពមាតា ទារក និងកុមារ ។

បន្ទាប់ពីលោក ម៉ក់ ប្រុស ប្រធានអនុសាខាស្រុកសូទ្រនិគមន៍ ធ្វើកិច្ចស្វាគមន៍រួចមក លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអានសារលិខិតរបស់សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ក្នុងឱការទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភះ ផ្ញើជូនដល់បងប្អូនជាស្ត្រីគ្រប់រូប ។

លោកជំទាវ ទាង អេង ទៀ សីហា ក៏បានធ្វើការកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ ក្នុងការបម្រើសេវាព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ សំខាន់លើការបង្កើតកូន នៅក្នុងមណ្ឌលសុខភាព ធានាបានសុវត្ថិភាពខ្ពស់ ដែលធ្វើឲ្យប្រជាពលរដ្ឋយើងមានទំនុកចិត្តជឿជាក់លើសេវាសុខាភិបាលជាតិ ។

ក្នុងនោះដែរលោកជំទាវ ក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងបានធ្វើការណែនាំ និងផ្តាំផ្ញើដល់បងប្អូនស្ត្រី មាតា គ្រប់រូប សំខាន់បងប្អូនស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវអញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ ជាមួយគ្រូពេទ្យនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលំនៅដ្ឋានរបស់ខ្លួនទៅតាមការកំណត់ និងទទួលយកសេវាបង្ការ ព្យាបាល ថែទាំឲ្យបានទៀងទាត់ ព្រមទាំងទៅសម្រាលកូននៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលវិជ្ជាជីវៈត្រឹមត្រូវ និងត្រូវធ្វើការពិនិត្យសុខភាព ក្រោយពេលការសម្រាលកូន ទាំងមាតា និងទារក និងត្រូវទៅទទួលចាក់ថ្នាំបង្ការជម្ងឺទាំង១១មុខ ទៅតាមការណែនាំការកំណត់របស់គ្រូពេទ្យ ។ ក្នុងដំណើរចុះសួរសុខទុក្ខនេះ លោកជំទាវបាននាំយកអំណោយមនុស្សធម៌ ផ្ដល់បងប្អូនស្ត្រី ទើបនឹងសម្រាលកូនរួច ផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប




