អង្គការសុខភាពពិភពលោក WHO ព្រមានថាការឆ្លងនៅតាមប្រទេសដទៃទៀតអាចបន្តកើនឡើង ដូច្នេះសូមកុំធ្វេសប្រហែសឲ្យសោះ
ស្វីស៖ អគ្គលេខាធិការអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស បានគួសបញ្ជាក់ថា ការបន្តធ្លាក់ចុះចំនួនអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩នៅក្នុងប្រទេសចិន គឺជាដំណឹងដ៏ល្អ ប៉ុន្តែអង្គការ WHO ក៏បានព្រមានដែរថា ករណីឆ្លងនៅតាមប្រទេសដទៃទៀតអាចនឹងបន្តកើនឡើង ដូច្នេះសូមកុំធ្វេសប្រហែសឲ្យសោះ ។

ការព្រមានរបស់អង្គការសុខភាពពិភពលោក WHO ខាងលើនេះ ធ្វើឡើងស្របពេលករណីឆ្លងមេរោគកូរ៉ូណាថ្មីនៅប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់ ដល់១៥៦ករណីក្នុងរយៈពេលតែប៉ុន្មានថ្ងៃចុងក្រោយនេះប៉ុណ្ណោះ ដោយជាង ១០០ករណីថ្មីនោះ គឺប្រមូលផ្តុំនៅទីក្រុងដេគូ ។

បើតាមអគ្គលេខាធិការអង្គការសុខភាពពិភពលោក WHO គិតមកទល់ពេលនេះ ប្រទេសផ្សេងៗទៀតចំនួន២៥ បានរាយការណ៍ពីករណីឆ្លងវីរុសកូរ៉ូណាថ្មី សរុប ១.០៧៦ករណីមកកាន់អង្គការសុខភាពពិភពលោក WHO ។ ទន្ទឹមគ្នា លោក ហ្គេប្រេយែសឹស បានកត់សម្គាល់ថា តួលេខនេះទាបខ្លាំង បើធៀបជាមួយចំនួនករណីជាង៧ម៉ឺ៥ពាន់នាក់នៅក្នុងប្រទេសចិន វាប្រហែលជានៅបែបនេះមិនយូរឡើយ ៕ធ.ដ
