ការសិក្សាថ្មីមួយបង្ហាញថា ការចាក់វ៉ាក់សាំងចិន Sinovac បន្ថែម ឬដូសទី៣ អាចបង្កើនកម្រិតអង់ទីគ័រអោយកាន់តែខ្លាំងក្លា (មានវីដេអូ)
ចិន៖ ការសិក្សាថ្មីមួយរកឃើញថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុនផលិតឱសថចិន Sinovac បន្ថែម ឬដូសទី៣ បន្ទាប់ពីចាក់ដូសទី២បាន៦ខែ ឬច្រើនជាងនេះ លទ្ធផលបានបង្ហាញថា អាចនាំអោយមានការកើនឡើងនូវកម្រិតអង់ទីគ័រ ។
ការសិក្សាថ្មីខាងលើនេះបានរកឃើញថា បើទោះបីជាកម្រិតអង់ទីគ័របានធ្លាក់ចុះក្នុងរយៈពេល៦ខែ បន្ទាប់ពីការចាក់វ៉ាក់សាំង Sinovac ដូសទី២ក៏ដោយ ក៏ប៉ុន្តែវ៉ាក់សាំង Sinovac ចំនួន២ដូសបានបង្កើតការចងចាំប្រព័ន្ធភាពស៊ាំយ៉ាងល្អ ។ ដូសទី៣ ដែលត្រូវបានចាក់ក្នុងចន្លោះពី ៦ ទៅ៨ខែ បន្ទាប់ពីការចាក់ដូសទី២ ធ្វើអោយមានការឆ្លើយតបរឹងមាំនៃប្រព័ន្ធភាពស៊ាំ កើនឡើងដល់ប្រមាណ១៤០ ។ សរុប មានអ្នកចូលរួមចំនួន៥៤០នាក់បានទទួលវ៉ាក់សាំងដូសទី៣ ក្នុងការសិក្សានេះ ។
សូមជម្រាបផងដែរថា លទ្ធផលនៃការសិក្សាថ្មីខាងលើនេះ ត្រូវបានចេញផ្សាយនៅលើគេហទំព័រ medRxiv កាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយរហូតមកទល់ពេលនេះ មិនមានប្រតិកម្មធ្ងន់ធ្ងរណាមួយពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងដូសទី៣ ត្រូវបានគេសង្កេតឃើញក្នុងអំឡុងការសិក្សានោះទេ ៕ ប្រភព៖ Reuters

