ទីលានកប់សំរាមក្រុងកំពត មានផ្ទៃដីជាង ១០ហិកតាគ្រោងនឹងបញ្ចប់ការសាងសង់ នៅមុនខែកក្កដា ឆ្នាំ២០២២
នៅព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរ បានចុះទៅដល់ពិនិត្យទីតាំងការដ្ឋានសាងសង់កប់សំរាម (ពីរថត) ដែលស្ថិតនៅឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។
ឯកឧត្តម ជាវ តាយ បានមានប្រសាសន៍ថា ខេត្តកំពតជាគោលដៅទេសចរណ៍មួយ មានភាពទាក់ទាញ និងមានការអភិវឌ្ឍន៍លើវិស័យទេសចរយ៉ាងឆាប់រហ័ស។ បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍នៅមុនពេលផ្ទុះជំងឺកូវីដ១៩នៅកម្ពុជា ភ្ញៀវមកទស្សនាកម្សាន្តខេត្តកំពតមានចំនួនជិត ពីរលាននាក់ក្នុងមួយឆ្នាំ។ វត្តមានរបស់ភ្ញៀវទេសចរក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងកំពត តែងបានបន្សល់ទុកនូវកាកសំណល់ និងសំរាមយ៉ាងច្រើនដែលត្រូវបានគេ ប្រមូលយកទៅចាក់គរចោលនៅទីចោលសំរាមពីមួយថ្ងៃទៅមួយថ្ងៃមានការកើនឡើងជាលំដាប់។
ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន តែងតែបានណែនាំជម្រុញដល់អាជ្ញាធរថ្នាក់ក្រោមជាតិឲ្យបង្កើនការយកចិត្តទុកដាក់ លើកកំពស់ ថែរក្សាសុខមាលភាពសាធារណៈ និងប្រជាជនតាមរយៈការថែរក្សាបរិស្ថាន បៃតង អនាម័យស្អាត បរិយាកាសល្អ និងជួយបង្កើនដល់សោភ័ណ្ឌភាពក្រុង ខេត្ត ត្រូវតែមានទីលានកប់សំរាមជាការចាំបាច់ ទើបរដ្ឋបាលខេត្តកំពត បានស្នើសុំដល់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ជួយដោះស្រាយ រហូតទទួលបានគម្រោងនេះមក។ ឯកឧត្តមបានជំរុញដល់ជំនាញពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាននិងក្រុមហ៊ុនម៉ៅការសាងសង់ សូមសហការសាងសង់ឲ្យបានឆាប់រហ័ស។
តំណាងក្រុមហ៊ុនម៉ៅការសាងសង់ ហេង សម្បិត្ត បានឲ្យដឹងដែរថា ទីលានកប់សំរាមមានពីរថត មានស្រះសម្អាតទឹកកខ្វក់ចេញពីសំរាម ចំនួន២ ទីលានត្រង់ទឹកកខ្វក់ និងលំហួតទឹក អាគាររដ្ឋបាលនិងប៉ុស្តិ៍យាម អណ្តូងទឹកសម្រាប់ត្រួតពិនិត្យគុណភាព ជួសជុលផ្លូវចូលទីលានកប់សំរាម កន្លែងថ្លឹងរថយន្ត កន្លែងស្តុក និងញែកសំរាម និងមានរបង់ព័ទ្ធជុំវិញ ដែលគ្រោងចំណាយវិការប្រមាណ២លានដុល្លា។ លោកបានបញ្ជាក់ថា ក្រុមហ៊ុននឹងពន្លឿនការសាងសង់ឲ្យបានរួចរាល់មុនខែកក្កដា ២០២២ខាងមុខ។
បើតាមការបញ្ជាក់របស់លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានឲ្យដឹងថា បច្ចុប្បន្ន ក្រុងកំពតត្រូវបានគេប្រមូលសំរាមបានចន្លោះពី៧០ ទៅ៩០តោនក្នុងមួយថ្ងៃ ៕






