ក្រោយពីបញ្ចប់ជំនួបរវាងលោក Xie Feng និងលោកស្រី Sherman ទំនាក់ទំនងចិន-អាមេរិកស្ថិតក្នុងសភាពទាល់ច្រក

អត្ថបទដោយ៖
AMS OneMinute

ក្រោយពីបញ្ចប់ជំនួបរវាងលោក Xie Feng និងលោកស្រី Sherman កាលពីថ្ងៃអាទិត្យ លោក Xie លើកឡើងថា “ទំនាក់ទំនងចិន-អាមេរិកស្ថិតក្នុងសភាពទាល់ច្រក ដោយសារតែមូលហេតុចម្បងបំផុតនោះគឺ ប្រជាជនអាមេរិកចាត់ទុកចិនជា “សត្រូវស្រមើស្រមៃ”។

អនុរដ្ឋមន្ត្រីចិនរូបនេះ បានដាក់បញ្ជីនៃការទាមទារទៅកាន់លោកស្រីអនុរដ្ឋមន្ត្រីអាមេរិកចំនួន ២ផ្សេងគ្នា នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មាន Xinhua។

បញ្ជីទីមួយគឺ បញ្ជីនៃទង្វើអាក្រក់របស់អាមេរិក ដែលត្រូវតែបញ្ឈប់។ ចិនជំរុញឱ្យអាមេរិកទម្លាក់ចោលដោយឥតលក្ខខណ្ឌនូវការដាក់ទណ្ឌកម្មមិនឱ្យទិដ្ឋាការ (Visa) អាមេរិកទៅឱ្យមន្ត្រីគណបក្សកុម្មុយនិស្តចិន ទម្លាក់ចោលនូវការដាក់ទណ្ឌកម្មទៅលើថ្នាក់ដឹកនាំមន្ត្រី និងអង្គភាព/ស្ថាប័នចិននានា ក៏ដូចជាលុបចោលនូវការរឹតត្បិតការផ្ដល់ទិដ្ឋាការទៅឱ្យនិស្សិតរបស់ចិន។

ចិនក៏ជំរុញឱ្យអាមេរិកបញ្ឈប់នូវការធ្វើទុក្ខបុកម្នេញដល់សហគ្រាសរបស់ចិន និងស្ថាប័នរបស់ចិនដូចជា វិទ្យាស្ថានខុងជឺ ព្រមទាំងទីភ្នាក់ងារសារព័ត៌មាននានារបស់ចិន។

ចិនស្នើឱ្យអាមេរិកបញ្ឈប់ការយាយីទៅលើលោកស្រី Meng Wanzhou នាយកផ្នែកហិរញ្ញវត្ថុរបស់ Huawei ដែលពេលនេះកំពុងស្ថិតក្រោមដែនអាជ្ញាកាណាដា។

បញ្ជីទីពីរគឺ បញ្ជីដែលចិនបង្ហាញពីការព្រួយបារម្ភទៅលើបញ្ហារើសអើងជាតិសាសន៍អាស៊ី និងរឿងដល់ពលរដ្ឋចិនរងគ្រោះដោយសារអំពើ ហិង្សានៅអាមេរិកជាដើម។

ជាមួយគ្នានោះ លោក Wang Yi ក៏បានដាក់ចេញនូវការទាមទារចំនួន ៣ របស់ចិនទៅកាន់លោកស្រី Sherman ដែលក្នុងនោះមានដូចជា (១) អាមេរិកដាច់ខាតមិនត្រូវប៉ុនប៉ងក្នុងការធ្វើសកម្មភាពណាមួយក្នុងការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងបែបសង្គមនិយមរបស់ចិន (២) មិនត្រូវប៉ុនប៉ងក្នុងការបង្អាក់ការអភិវឌ្ឍរបស់ចិនឡើយ និង (៣) មិនត្រូវរំលោភបំពានអធិបតេយ្យភាពរបស់ចិន ឬ ធ្វើសកម្មភាពណាប៉ះពាល់ដល់បូរណភាពដែនដីរបស់ចិនឡើយ។

សារព័ត៌មានអាមេរិកបានឱ្យដឹងថា លោកស្រី Sherman បានលើកយកសកម្មភាពរបស់ចិន ដែលអាមេរិក និងសម្ព័ន្ធមិត្តមានក្តីព្រួយបារម្ភ។ សកម្មភាពទាំងនោះរួមមានបញ្ហាសិទ្ធិមនុស្សនានានៅតំបន់ស៊ីនជាំង ទីបេ និងហុងកុង ព្រមទាំងសកម្មភាពរបស់ចិននៅខាងប្រព័ន្ធអ៊ីនធឺណិត ក៏ដូចជាសកម្មភាពរបស់ចិននៅតំបន់តៃវ៉ាន់ សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង។

ពាក់ព័ន្ធនឹងរឿងអធិបតេយ្យភាពកោះតៃវ៉ាន់ សារព័ត៌មានចិន Xinhua បានចុះផ្សាយថា លោកស្រី Sherman បានបញ្ជាក់ពីគោលជំហររបស់អាមេរិកថា អាមេរិកគាំទ្រ “គោលនយោបាយចិនតែមួយ” និងមិនគាំទ្រនូវគំនិត “តៃវ៉ាន់ឯករាជ្យ” ទេ។ ប៉ុន្តែប្រភពព័ត៌មានពីក្រសួងការបរទេសអាមេរិកមិនមានចុះរឿងនេះទេ។

ប្រភព៖ xinhuanet

ads banner