តុលាការពុំទាន់សម្រេចចោទប្រកាន់ នាងថៃ ស្រីនាង ដែលព្រហើនបន្តការ Live រូបភាពស៊ិចស៊ីស្ទើរចេញកេរ្តិ៍ភេទ នៅឡើយទេ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ កុម្ភៈ ២០២០នេះ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅតែបន្តសាកសួរ នាង វ៉ែន រចនា ហៅ ថៃ ស្រីនាង ដែលព្រហើនបន្តការ Live រូបភាពស៊ិចស៊ីស្ទើរចេញកេរ្តិ៍ភេទ ។

សមត្ថកិច្ចបានឲ្យដឹងថា នាង ថៃ ស្រីនាង ប្រឈមនឹងបទល្មើសផុសរូបភាព និង សម្ភារអាសអាភាស យោងតាមមាត្រា៣៨និងមាត្រា៣៩ ច្បាប់ស្តីពីការប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលជាប់ទោសចាប់ពី១ខែដល់១ឆ្នាំ។

គួររំលឹកថា កាលពីទី១៨ ខែកុម្ភ: ឆ្នាំ២០២០ កន្លងទៅ នាង ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកធ្វើការអប់រំ ណែនាំ និង ធ្វើកិច្ចសន្យា ចំពោះកំហុសឆ្គងដែលគាត់បានផុសរូបភាព និងវីដេអូខ្លីប ដែលធ្វើអោយប៉ះពាល់ដល់ទំនៀមទំលាប់ប្រពៃណី ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ស្ត្រីខ្មែរ និងបានយល់ព្រមថតជាវីដេអូដើម្បីសុំទោសជាសាធារណ:នូវកំហុសរបស់គាត់ ។

បន្ទាប់ពីធ្វើកិច្ចសន្យា និងសារភាពកំហុសរួច នៅវេលាម៉ោង ១១ ៖ ៣០នាទី ក៏បានអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញ ។ ស្រាប់តែម៉ោង២៖៣៥នាទីរសៀលថ្ងៃដដែល ថៃ ស្រីនាង នៅតែមិនរាងចាល ថែមទាំងផុសរូបអាក្រាតកាយ ដែលស្លៀកតែខោលីអូ ។

ដោយមានការឯកភាពយល់ព្រមពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ៤៖២០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២០ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះទៅនាំខ្លួន ថៃ ស្រីនាង ម្តងទៀត ដើម្បីរៀបចំសំណុំឯកសារបញ្ជូនបន្តទៅតុលាការ និងអនុវត្តន៍តាមនីតិវិធីច្បាប់ ៕