ក្រុមហ៊ុន និង គ្រឹះស្ថានសិក្សាគ្រប់ជាន់ថ្នាក់នៅខេត្តហ៊ូប៉ី ត្រូវបានអាជ្ញាធរស្នើឱ្យបន្តបិទទ្វាររហូតដល់ថ្ងៃទី១០ ខែមីនាខាងមុខ
ចិន៖ អាជ្ញាធរខេត្ត ហ៊ូប៉ី បានចេញសេក្តីប្រកាសមួយនៅថ្ងៃទី២០ ខែកុម្ភៈនេះថា ក្រុមហ៊ុននានាដែលស្ថិតនៅក្នុងខេត្ត ដែលជាចំណុចផ្ទុះខ្លាំងនៃការរីករាលដាលជំងឺឆ្លងកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩ មិនគួរបើកទ្វារធ្វើប្រតិបត្តិការវិញនៅមុនថ្ងៃទី១០ ខែមីនាខាងមុខនេះឡើយ ។

ទន្ទឹមគ្នា គ្រឹះស្ថានសិក្សាគ្រប់ជាន់ថ្នាក់នៅក្នុងខេត្តនេះដែរ ក៏ត្រូវបានណែនាំឲ្យបន្តពន្យារពេលចូលសិក្សាវិញផងដែរ ខណៈអាជ្ញាធរបានអំពាវនាវឲ្យសាធារណជនកាត់បន្ថយសកម្មភាពនៅខាងក្រៅ ចៀសវាងការប្រមូលផ្តុំតាមទីសាធារណៈ ហើយរក្សាអនាម័យក្នុងផ្ទះឲ្យបានស្អាតជានិច្ច ។ ដោយឡែកអ្នកដែលមិនព្រមពាក់ម៉ាសនៅពេលដើរហើរនៅខាងក្រៅ អាចប្រឈមនឹងការដាក់ពិន័យតាមផ្លូវ ច្បាប់ ។

បើតាមអាជ្ញាធរខេត្តហ៊ូប៉ី ការណែនាំឲ្យធ្វើបែបនេះ គឺស្ថិតក្នុងផ្នែកនៃកិច្ចបន្តប្រឹងប្រែងបង្រ្កាបជំងឺឆ្លងកូរ៉ូណាប្រភេទថ្មី ដែលបានឈានដល់ដំណាក់កាលយ៉ាងសំខាន់នៅក្នុងខេត្តមួយនេះ ប៉ុន្តែវាមិនត្រូវអនុវត្តន៍ទៅលើក្រុមហ៊ុនណាដែលចាំ បាច់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ ខូវីដ-១៩ ព្រមទាំងក្រុមហ៊ុនសំខាន់ៗមួយចំនួនទៀតឡើយ ៕

