មន្រ្តីអគ្គនាយកដ្ឋាន «ក.ប.ប.» ចុះស្រាវជ្រាវករណីពុលស្រាដែលបណ្ដាលឱ្យប្រជាពលរដ្ឋស្លាប់ នៅខេត្តកំពត
សេចក្ដីរាយការណ៍បានឲ្យដឹងថា ករណីពុលស្រា នៅឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត បានបណ្ដាលឱ្យប្រជាពលរដ្ឋស្លាប់ចំនួន ៤នាក់ និង១០នាក់ទៀតរងការពុល។ នៅរសៀលថ្ងៃទី២៧ កក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកំពត សហការជាមួយស្ថាប័នពាក់ព័ន្ធចុះដល់ទីកន្លែងកើតហេតុ ដែលមានទីតាំងស្ថិតនៅភូមិដូនយ៉យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់មកវិភាគរកមូលហេតុដែលបណ្ដាលឱ្យពុល។
ការពិនិត្យនោះ ត្រូវបានធ្វើឡើងដោយមានការចូលរួមសម្របសម្រួលឡើងដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត និងមានការចូលរួមពីមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។ មន្រ្តីជំនាញ ក.ប.ប. បានដកយកសំណាកស្រាសចំនួន១២គំរូ និងស្រាថ្នាំចំនួន១០គំរូ សរុប២២គំរូ ដើម្បធ្វើការវិភាគនៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ។
បើយោងតាមក្រសសួងសុខាភិបាលបានបញ្ជាក់ថា ចាប់តាំងពីខែឧសភា ដល់ដើមខែកក្កដា២០២១មក មានអ្នកស្លាប់ដោយសារពុលស្រាចំនួន៣១នាក់ហើយ ក្នុងនោះមានករណីស្លាប់១៤នាក់នៅស្រុកល្វាឯម ខេត្តកណ្ដាល , ១០នាក់នៅស្រុកកំពង់ត្រាច ខេត្តកំពត និង៧នាក់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ មូលហេតុនៃការពុលស្រា ត្រូវក្រសួងសុខាភិបាលរកឃើញថា ដោយារស្រាទាំងនោះ មានសារធាតុមេតាណុលក្នុងស្រាលើសកម្រិតខ្ពស់ចាប់ពី៤%ទៅ១៥% ដែលជាធម្មតាកម្រិតមេតាណុលក្នុងស្រា ត្រូវគេអនុញ្ញាតមិនត្រូវឲ្យលើសពី០,១%នោះឡើយ។






