កម្ពុជាកំពុងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីកំពង់ផែជាង១០០ទីតាំងនៅទូទាំងប្រទេស (មានវីដេអូ)

ភ្នំពេញ៖ នៅកម្ពុជាមានកំពង់ផែសរុបចំនួន១០៥ទីតាំង ដោយក្នុងនោះកំពង់ផែទន្លេមានចំនួន៧៨កំពង់ផែ ឋិតនៅតាមដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងបណ្ដាខេត្តនានា ដោយឡែកកំពង់ផែសមុទ្រមានចំនួន២៧ ដោយកំពង់ផែទាំងនោះត្រូវបានបែងចែកមុខងារជាកំពង់ផែពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងផែប្រេងជាដើម និងត្រូវបានគ្រប់គ្រងដោយរដ្ឋផង និងឯកជនផង ។

នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីកំពង់ផែ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាលើការប្រមូលធាតុចូល ក៏ដូចជាកែសម្រួលអត្ថន័យ ពាក្យពេចន៍ ឃ្លាប្រយោគ អក្ខរាវិរុទ្ធនៃសេចក្តីព្រាងច្បាប់ស្ដីពីកំពង់ផែ ដើម្បីឱ្យការរៀបចំច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយបម្រើឱ្យឧត្ដមប្រយោជន៍ជាតិ ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីភាពចាំបាច់នៃច្បាប់ស្តីពីកំពង់ផែ និងប្រព័ន្ធគ្រប់គ្រងកំពង់ផែ ដើម្បីធានាដល់ការអភិវឌ្ឍន៍វិស័យកំពង់ផែប្រកប ដោយចីរភាព និងធានាឱ្យបានកាន់តែប្រសើរនូវប្រសិទ្ធភាព និងសមត្ថភាពកំពង់ផែ ដែលអាចផ្ដល់សេវាដល់អ្នកប្រើប្រាស់ប្រកបដោយទំនុកចិត្ត មានភាពងាយស្រួល ឆាប់រហ័ស តម្លៃសមស្រប មានសន្តិសុខ និងសុវត្ថិភាពដល់នាវាទំនិញ និងអ្នកដំណើរចូលរួម ចំណែកការពារបរិស្ថាន ដើម្បីមានសមត្ថភាពប្រកួតប្រជែងជាមួយកំពង់ផែនៅក្នុងតំបន់និងអន្តរជាតិ ។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីប្រធានអង្គប្រជុំបានជំរុញឱ្យក្រុមការងារជំនាញពាក់ព័ន្ធចូលរួមផ្តល់ធាតុចូល គំនិត មតិយោបល់ឱ្យបានផុលផុស ដើម្បីបំពេញបន្ថែមទៅលើចំណុចខ្វះខាតនៃសេចក្តីព្រាងច្បាប់នេះ និងបានណែនាំឱ្យក្រុមការងារខិតខំពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់នេះឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងនាពេលខាងមុខ ។

គួរកត់សម្គាល់ថា នៅក្នុងប្រទេសកម្ពុជាកំពង់ផែទន្លេមានសរុបទាំងអស់ចំនួន៧៨កំពង់ផែ ស្ថិតនៅតាមដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងបណ្ដាខេត្តនានា ដោយឡែកកំពង់ផែសមុទ្រមានចំនួន២៧ ។ មុខងារកំពង់ផែទាំងនោះ ត្រូវបានបែងចែកចេញជាកំពង់ផែពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងផែប្រេងជាដើម និងត្រូវបានគ្រប់គ្រងដោយរដ្ឋផង និងឯកជនផង ។ កំពង់ផែទាំងនោះ មានតួនាទីជំរុញសកម្មភាពពាណិជ្ជកម្មគ្រប់ប្រភេទក្នុងដំណើរការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ តំបន់ និង អន្តរជាតិ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner