ម្ចាស់សិប្បកម្មចម្លាក់នៅខេត្តសៀមរាបរកប្រាក់ចំណូលបានពី១៥ ដល់ ១ពាន់៥រយដុល្លារ ពីការច្នៃប្រឌិតយកគល់ និងឬសឈើបាក់បែកមកធ្វើជាផ្ទាំងចម្លាក់លក់លើទីផ្សារ (មានវីដេអូ)
សៀមរាប៖ នៅក្នុងរោងសិប្បកម្មកែច្នៃឈើមួយកន្លែង យុវជនខ្មែរដែលមានអាយុទើបតែជាង២០ឆ្នាំប្រមាណ៣ទៅ៤នាក់បានផ្ចិតផ្ចង់កែច្នៃគល់ និងឬសឈើ ពីភាពបាក់បែកអោយក្លាយជាចម្លាក់បែបបុរាណ និងសម័យ រំលេចដោយរូបផ្កា និងសត្វគ្រប់ប្រភេទ ។ ផ្ទាំងចម្លាក់ដែលចេញពីគល់ឈើទាំងនោះ ក៏ត្រៀមនឹងបង្ហាញខ្លួននៅលើទីផ្សារផងដែរ ។
លោក ចៅ ពិសែន ម្ចាស់សិប្បកម្មចម្លាក់បានរៀបរាប់ថា ការច្នៃប្រឌិតគល់ និងឬសឈើពីភាពបាក់បែកមកជាផ្ទាំងចម្លាក់នេះ មានរយៈពេលជាង១០ឆ្នាំមកហើយ ។ ដំបូងឡើយ រូបលោកមិនដែលគិតទេថា គល់ និងឬសឈើ ដែលអ្នកស្រុកទុកចោលតាមព្រៃចម្ការ ឬកប់ចោលក្នុងដី វាជារបស់មានតំលៃ ។ តែពេលបន្ទាប់ ឪពុករបស់លោកបានដើរប្រមូលគល់ និងឬសឈើដែលគេទុកចោល បាក់បែក យកមកច្នៃជាចម្លាក់ ហើយក៏បន្តដល់រូបលោក ។ បុរសវ័យជាង៣០ឆ្នាំរូបនេះបន្ថែមថា ការយកគល់ និងឬសឈើមកច្នៃជាចម្លាក់ ដើម្បីជាគ្រឿងលំអរ ក្នុងការតុមតែងផ្ទះ ឬសណ្ឋាគារ មិនមែនទើបមាននាពេលថ្មីៗនេះទេ ។ សំខាន់គឺទឹកដៃរបស់ជាង និងរូបភាពទាក់ទាញ ។ បើតាមដឹងក្នុងក្រុងសៀមរាបនេះ មានសិប្បកម្មចម្លាក់មិនតិចជាង៣០កន្លែងនោះទេ ។ តែថ្វីដៃជាងរបស់លោកអាចប្រជែងគ្នាបាន ចង់ឆ្លាក់ដោយដៃ ឬម៉ាស៊ីន ថ្វីត្បិតតែពួកគាត់សុទ្ធសឹងជាយុវជន ។
លោកបន្ថែមថា ដោយសារទឹកដៃល្អ ផ្ទាំងចម្លាក់របស់លោកបានបង្ហាញខ្លួននៅលើទីផ្សារមកដល់ពេលនេះ ។ ផ្ទាំងចម្លាក់ទាំងនោះមានតំលៃពី១៥ រហូតដល់ ១ពាន់៥រយដុល្លារ ។ កាលមុនជំងឺកូវីដ១៩ក៏ធ្លាប់មានប្រ ទេសជិតខាងកម៉្មង់ទិញផងដែរ តែឥលូវលក់មានការធ្លាក់ចុះច្រើន ។ ទោះបីយ៉ាងណា ម្ចាស់សិប្បកម្មចម្លាក់ដែលមានទីតាំងក្នុងភូមិខ្នារ សង្កាត់ជ្រាវ នៃក្រុងសៀមរាប បានអះអាងថា គល់ និងឬសឈើ ទោះបីបែកបាក់ ឬកប់ក្នុងដីរាប់ឆ្នាំ បើយើងចេះយកមកកែច្នៃ គឺសុទ្ធសឹងជារបស់ដែលមានតម្លៃ ៕