លោក ស៊ី ជីនពីង អំពាវនាវឱ្យមានការការពារ និងយកចិត្តទុកដាក់លើបុគ្គលិកពេទ្យ ខណៈពួកគេកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅថ្ងៃទី១៩ ខែកុម្ភៈនេះ បានស្នើឲ្យខិត ខំការពារបុគ្គលិកពេទ្យខ្លាំងឡើង ស្របពេលដែលពួកគេកំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងវីរុស ខូវីដ-១៩ ក្រោយការស្លាប់របស់វេជ្ជបណ្ឌិតល្បីៗ ដែលបង្កកំហឹងពីសាធារណៈជន ។

ជាមួយគ្នានេះ លោក ស៊ី បានថ្លែងថា ចិនត្រូវតែបង្កើនកិច្ចខិតខំដើម្បីបន្ធូរបន្ថយសម្ពាធរបស់ក្រុមគ្រូពេទ្យ ដោយផ្តល់ឲ្យពួកគេនូវសម្ភារៈ និង ឧបករណ៍ការពារខ្លួនចាំបាច់ រៀបចំពេលសម្រាប់ពួកគេសម្រាក និង ជួយលើកទឹកចិត្តដល់ពួកគេផង ។

ការលើកឡើងបែបនេះរបស់លោក ស៊ី ជីនពីង ត្រូវបានធ្វើឡើងស្របពេលដែលមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺចិន បានរាយការណ៍ថា គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈកន្លងមកនេះ បុគ្គលិកពេទ្យជាង៣ពាន់នាក់អាចឆ្លងវីរុសកូរ៉ូណាថ្មី ក្នុងនោះ១ពាន់៧១៦នាក់បង្ហាញរោគសញ្ញា និង ត្រូវបានធ្វើតេស្តឃើញវីរុសនេះ ខណៈ១ពាន់៣០០នាក់ទៀតអាចឆ្លង តែមិនទាន់ត្រូវបានធ្វើតេស្តរករោគសញ្ញា ។

គួរបញ្ជាក់ថា នាយកមន្ទីរពេទ្យ វូហាន ក្នុងទីក្រុងវូហាន លោក លីវ ហ្ស៊ីមីញ បានស្លាប់នៅថ្ងៃទី១៨ ខែកុម្ភៈនេះ ជាងមួយសប្តាហ៍ក្រោយការស្លាប់របស់វេជ្ជបណ្ឌិតលី វេនលៀង នៅក្នុងទីក្រុងដដែលនេះ ដោយពួកគេសុទ្ធតែឆ្លងវីរុសរលាកសួត ខូវីដ-១៩ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner