ឥណ្ឌាមិនចូលរួមកិច្ចប្រជុំអំពីការប្រែប្រួលអាកាសធាតុដ៏សំខាន់ បន្ទាប់ពីមានការខ្វែងគំនិតក្នុងកិច្ចប្រជុំ G-20
កិច្ចប្រឹងប្រែងដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុបានជួបប្រទះនឹងឧបសគ្គមួយទៀតនៅសប្ដាហ៍នេះ បន្ទាប់ពីប្រទេសឥណ្ឌា ជាអ្នកបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេទី៣ក្នុងពិភពលោក មិនបានចូលរួមកិច្ចប្រជុំការទូតដ៏សំខាន់មួយនៅទីក្រុងឡុងដុង ចក្រភពអង់គ្លេសមួយនេះ។
ក្នុងចំណោមប្រទេសចំនួន៥១ ត្រូវបានអញ្ជើញឱ្យចូលរួម មានតែប្រទេសឥណ្ឌាគឺតែមួយគត់មិនបានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរយៈពេល ២ ថ្ងៃនេះ ដែលរៀបចំឡើងដោយអនាគតប្រធានកិច្ចប្រជុំការប្រែប្រួលអាកាសធាតុ COP26 របស់អង្គការសហប្រជាជាតិ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីរៀបចំមូលដ្ឋានគ្រឹះសម្រាប់ការទទួលជោគជ័យក្នុងកិច្ចប្រជុំ COP26 ដែលនឹងត្រូវរៀបចំឡើងនៅទីក្រុង Glasgow ក្នុងរយៈពេល ៣ ខែទៀត។ ប្រធាន COP26 លោក Alok Sharma បាននិយាយថានេះជាឱកាសចុងក្រោយដើម្បីធានាការកើនឡើងសីតុណ្ហភាពពិភពលោកមិនឱ្យលើសពី ១,៥ អង្សាសេក្នុងទសវត្សនេះ ដែលជាដែនកំណត់នៃកិច្ចព្រមព្រៀងក្រុងប៉ារីស។
ចំណុចខាងលើនេះបានបង្កការខ្វែងគំនិតគ្នាក្នុងកិច្ចប្រជុំការប្រែប្រួលអាកាសធាតុរបស់ក្រុមប្រទេសអ្នកមាន G-20 ដោយឥណ្ឌាបានបដិសេធចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍មួយ ដែលរួមមានចំណុចមួយដែលចង់ពន្លឿនការឈានទៅរកគោលដៅនេះមុនពេលកំណត់ក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស។
ការជួបប្រជុំនៅទីក្រុងឡុងដុងរៀបចំឡើងបន្ទាប់ពីកិច្ចប្រជុំ G-20 ដើម្បីឱ្យការមានការចូលរួមប្រទេសមួយចំនួនបន្ថែមទៀតក្នុងការពិភាក្សាអំពីការប្រែប្រួលអាកាសធាតុ។
អ្នកនាំពាក្យក្រសួងបរិស្ថាន ព្រៃឈើ និងការប្រែប្រួលអាកាសធាតុឥណ្ឌា បាននិយាយថាប្រទេសឥណ្ឌាមិនបានចូលរួមក្នុងកិច្ចប្រជុំនេះដោយផ្ទាល់គឺពីព្រោះខ្លួនបានបង្ហាញជំហររួចស្រេចក្នុងកិច្ចប្រជុំG-20 ហើយដោយសារបញ្ហាបច្ចេកទេសទើបមិនបានចូលរួមតាមរយៈអ៊ីនធឺណិត៕

ប្រភព៖ Straitstimes