មនោ “ពាល ស៊ីពាល” នៃមេដឹកនាំខ្មែរក្រហម
សុន សេន អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៃរបបខ្មែរក្រហម ជាមនុស្សម្នាក់ល្បីខ្លាំងក្នុងជួរមេដឹកនាំខ្មែរក្រហម និងជាគ្រូធំរបស់ ឌុច អតីតប្រធានមន្ទីរសន្តិសុខស-២១ផងដែរ។ ការស្លាប់របស់ សុន សេន និងក្រុមគ្រួសារ១ពូជ មានសមាជិក១៣នាក់ ដែលត្រូវគេចាប់រំលោភ និងបាញ់សម្លាប់ គឺរឿងមួយដែលគេស្មានមិនដល់ថា ខ្លាសម្លាប់ខ្លា ឬពាលស៊ីពាល។
ថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៩៧ សុន សេន ព្រមទាំងក្រុមគ្រួសារ ត្រូវបាន ប៉ុល ពត បញ្ជាឱ្យគេសម្លាប់ ដោយចោទថា មានគម្រោងក្បត់ទៅចុះចូលជាមួយរដ្ឋាភិបាល។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតបរទេសម្នាក់ ប៉ុល ពត បានអះអាងថា គាត់បានបញ្ជាឱ្យគេសម្លាប់តែសុន សេន និងប្រពន្ធតែប៉ុណ្ណោះ មិនបានឱ្យសម្លាប់ទាំងគ្រួសារនោះទេ។
តាម៉ុក បានបញ្ជាឱ្យថតរូបសាកសព បង្ហាញឱ្យប្រជាជនអន្លង់វែងមើលពីភាពសាហាវឃោរឃៅនៅកន្លែងកើតហេតុនេះ។ ប្រជាជនមានការតក់ស្លុតយ៉ាងខ្លាំង និងបានធ្វើការរិះគន់ ប៉ុល ពត អំពីអំពើឃោរឃៅរបស់កងទ័ពក្រោមឱវាទ។ ប្រជាជនដែលស្រលាញ់គាំទ្រ ប៉ុល ពត មិនអាចទទួលយកការពិតពីអំពើរបស់ ប៉ុល ពត ក៏បានភៀសខ្លួនទៅរស់នៅតំបន់ផ្សេង។ ហេតុការណ៍នេះធ្វើឱ្យមានការបែងចែកចលនាខ្មែរក្រហមជាពីរក្រុមរវាងអ្នកគាំទ្រ តាម៉ុក និងអ្នកគាំទ្រ ប៉ុល ពត។ តាម៉ុក បានប្រាប់ក្រុមអ្នកគាំទ្រ ប៉ុល ពត ឱ្យសុំចុះចាញ់។ ក្រោយការប្រកាសរបស់ តាម៉ុក មេបញ្ជាការកងទ័ពមួយចំនួនរួមមាន តាសារឿន តាសាន និងមេបញ្ជាការដទៃទៀតបានចុះចាញ់។ តាម៉ុក បានចាប់ខ្លួនមេទ័ពមួយចំនួនដាក់នៅក្នុងទ្រុងដែក ដែលសព្វថ្ងៃនេះ បានដាក់តាំងបង្ហាញនៅផ្ទះមាត់បឹងរបស់ តាម៉ុក។
ក្រោយពីសម្លាប់ សុន សេន ហើយ ប៉ុល ពត បានព្យាយាមរត់គេចចេញពីជំរំរបស់គាត់ ក៏ប៉ុន្តែ ត្រូវបានទាហានរបស់ តាម៉ុក ចាប់ខ្លួនបាន។ នៅខែវិច្ឆិកា ឆ្នាំ១៩៩៧ ប៉ុល ពត ត្រូវបានតុលាការរបស់ពួកខ្មែរក្រហមខ្លួនឯង កាត់ទោសឱ្យជាប់ឃុំក្នុងផ្ទះអស់មួយជីវិត ពីបទបានបញ្ជាឱ្យសម្លាប់ សុន សេន និងក្រុមគ្រួសារ។ នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៩៨ ប៉ុល ពត ដែលមានឈ្មោះដើមថា សាឡុត ស បានស្លាប់នៅក្នុងផ្ទះរបស់គាត់ ដែលស្ថិតនៅក្នុងស្រុកអន្លង់វែង។ តាម៉ុក បានអះអាងថា ប៉ុល ពត ស្លាប់ដោយគាំងបេះដូង៕
#ពាលស៊ីពាល#មេដឹកនាំខ្មែរក្រហម#កម្ពុជាប្រជាធិបតេយ្យ
Facebook Page: Black-CrowTelegram Channel


