សារធាតុគ្រឿងញៀនប្រមាណ៦២គីឡូក្រាមដែលត្រូវដកហូតនិងបង្ក្រាបបានពីខេត្តចំនួន៦ត្រូវបាននាំយកមកធ្វើការដុតបំផ្លាញចោល នៅខេត្តបាត់ដំបង
ខេត្តចំនួន៦ រួមមាន៖ ខេត្តបាត់ដំបង, ប៉ៃលិនពោធិសាត់, សៀមរាប, បន្ទាយមានជ័យ និង ខេត្តឧត្តរមានជ័យ បានរួមគ្នាប្រារព្វពិធីអបអរសាទរទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន “២៦ មិថុនា២០២១”និងធ្វើការដុតបំផ្លាញ នូវ វត្ថុតាងគ្រឿងញៀន តាមអំណាចសាលក្រម សាលដីកាស្ថាពរ របស់សាលាដំបូង នៃខេត្តទាំង៦ខាងលើ ដែលមានចំនួនសរុបប្រមាណជាង ៦២គីឡូក្រាម។
ពិធីនេះ បានប្រព្រឹត្តទៅក្រោមវត្តមានជាអធិបតី ពីឯកឧត្តម មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន នៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងឯកឧត្តមប្រធានអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ភូមិភាគ និង ប្រធានសាលាឧទ្ធរណ៍ ភូមិភាគ និងវត្តមានឯកឧត្តម អស់លោក លោកស្រីជាតំណាងអាជ្ញាធរមានសមត្ថកិច្ច តាមបណ្តា អង្គភាពនៃរដ្ឋបាលខេត្តពាក់ព័ន្ធ និងស្ថាប័នមន្ទីរអង្គភាពកងកម្លាំងពាក់ព័ន្ធក្នុងខេត្តបាត់ដំបងជាច្រើនទៀតនិងធ្វើការដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀនខាងលើនេះដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២១នេះ ក្រោមប្រធានបទ៖ ចែករំលែកនូវព័ត៌មានពិត ពីគ្រោះថ្នាក់ នៃ គ្រឿងញៀន គឺ៖ជួយសង្គ្រោះជីវិត” Share Facts on Drugs, Save Lives” និង ពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន។ដែលបានប្រព្រឹត្តទៅនៅទីលានបាល់ទាត់វាលបែកចាន ទីប្រជុំនក្រុង-ខេត្តបាត់ដំបង។
យោងតាមអំណានសាលក្រម សាលដីកា ពីការដុតបំផ្លាញចោលនូវសារធាតុគ្រឿងញៀនសរុបប្រមាណជាង៦២គីឡូក្រាម នៅខេត្តបាត់ដំបង ដែលអានដោយ ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងជាតំណាងសាលាដំបូងខេត្តទាំងប្រាំមួយ។ ហើយដែលត្រូវធ្វើការដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀនខាងលើនេះ ក្នុងឱកាសប្រារព្វនូវទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ” ២៦ មិថុនា ២០២១ ” ក្រោមប្រធានបទ៖ ចែករំលែកព័ត៌មានពិត ពីគ្រោះថ្នាក់នៃគ្រឿងញៀន គឺ៖ជួយសង្គ្រោះជីវិត “Share Facts on Drugs, Save Lives” និង ពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន។ ហើយដែលត្រូវដកហូតបាន តាមអំណាចសាលក្រម សាលដីកាស្ថាពររបស់សាលាដំបូងខេត្តទាំងប្រាំមួយខាងលើនោះរួមមានសំណុំរឿងព្រហ្មទណ្ឌចំនួន ១០៩១ករណីនិងរឹបអូសវត្ថុតាងគ្រឿងញៀនសរុបប្រមាណ ៦២កណ្តក់សញ្ញា៥០៧គីឡូក្រាម (៦២,៥០៧គក្រ.) ។ ក្នុងនោះ ម្សៅម៉េតំហ្វេតាមីនICE សរុបប្រមាណជាង៦០គីឡូក្រាម, ប្រភេទថ្នាំគ្រាប់WY សរុបជាង០២គក្រ, ថ្នាំប្រភេទចំរុះ (គ្រវី) ទម្ងន់សរុប ២៧៩ក្រាម និងថ្នាំប្រភេទទឹក (ថ្នាំកេតាមីន) មានចំនួនសរុប ៤៤៥ ដប ៕
គួរកត់សម្គាល់ផងដែរថា៖កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងខ្លាំង នូវក្នុងការដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការចាត់នូវវិធានការ ពីការលុបបំបាត់បញ្ហាគ្រឿងញៀនទាំងនេះ ដែលទាមទារឲ្យមានការចូលរួមពីក្រុមគ្រួសារ អ្នកជិតខាង និងសហគមន៍ផ្ទាល់ ដែលទាំងនេះ គឺ៖ពឹងផ្អែកផ្តោតសំខាន់ទៅលើកត្តាចំនួន៣ដូចជា៖កត្តាទី១.គឺខ្លួនឯងផ្ទាល់មិនប្រើប្រាស់គ្រឿងញៀន។បើសិនជាគ្មានអ្នកប្រើប្រាស់គ្រឿងញៀន នៅក្នុងកន្លែងណាមួយហើយនោះ វាក៏គ្មានការចែកចាយជួញដូរនៅទីនោះដែរ។ កត្តាទី២.ត្រូវតែមានការចូលរួមពីក្រុមគ្រួសារផ្ទាល់ និងពីសហគមន៍។ ប្រសិនបើគ្រួសារ និងសហគមន៍ មានការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងញៀនពីទោសទណ្ឌនៃបទល្មើស គឺពួកគេនិងរាយការណ៍ពីបញ្ហានេះទៅឲ្សកម្លាំងមត្ថកិច្ចដែលនៅជិតនោះ ដើម្បីធ្វើការទប់ស្កាត់ធ្វើការបង្ក្រាបបានទាន់ពេលវេលា។ និងកត្តាទី៣. គឺជាវិធានការយ៉ាងម៉ឺងម៉ាត់ របស់ សមត្ថកិច្ចដែលពាក់ព័ន្ធនូវក្នុងការទប់ស្កាត់ បង្ក្រាប មិនឲ្យមានការរីករាលដាល នៃអ្នកប្រើប្រាស់ ហើយត្រូវអនុត្តចាប់ឲ្យបាននូវមេខ្លោងជួញដូរនិងចែកចាយ ដើម្បីផ្ដន្ទាទោសទៅតាមច្បាប់ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )




















