គ.ជ.ប បញ្ជាក់ពីការពិនិត្យ និងភាពត្រឹមត្រូវចុងក្រោយនៃការកំណត់បែងចែកអាសនៈការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ
រាជធានីភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប )បានចេញសេចក្តីជូនដំណឹងអំពីការពិនិត្យ និងបញ្ជាក់ភាពត្រឹមត្រូវជាចុងក្រោយ ព្រមទាំងកំណត់បែងចែកអាសនៈ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនខេត្តកំពត ឆ្នាំ២០២១។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ២៩ ខែ កក្កដានេះបានបញ្ជាក់ថា បន្ទាប់ពីទទួលបានស្បោង ឃ និងកញ្ចប់ ឃ ពិសេស ពីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត រួចមក ក្រុមត្រួតពិនិត្យលទ្ធផលន គ.ជ.ប នឹងធ្វើការត្រួតពិនិត្យ និងបញ្ជាក់ភាពត្រឹមត្រូវជាចុងក្រោយលើលទ្ធផលនៃការបោះឆ្នោត ព្រមទាំង កំណត់បែងចែកអាសនៈ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ នាទីព្រឹក នៅទីស្តីការ គ.ជ.ប (សាលសន្និសីទ គ.ជ.ប ជាន់ទី១) ។
គ.ជ.ប បានបញ្ជាក់បន្ថែមថាសេចក្តីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញដល់គណបក្សនយោបាយដែលបាន ចុះបញ្ជីឈរឈ្មោះបោះឆ្នោត ព្រមទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលបានចូលរួម សង្កេតការណ៍បោះឆ្នោត ចាត់តំណាងរបស់ខ្លួនចំនួន ២ រូប ក្នុងមួយគណបក្ស ឬសមាគម/អង្គការ ដើម្បីចូលរួមសង្កេតមើលដំណើរការពិនិត្យ និងបញ្ជាក់ភាពត្រឹមត្រូវនេះកុំបីខាន ” ៕ដោយ៖ម៉ាដេប៉ូ
