ក្រសួងសុខាភិបាល អនុញ្ញាតឲ្យព្យាបាលតាមផ្ទះសម្រាប់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ក្នុងខេត្តចំនួន ២២ទៀត
យោងតាមប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៩កក្កដាឆ្នាំ២០២១ បានដាក់ឲ្យប្រើនីតិវិធីប្រតិបត្តិស្ដង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះសម្រាប់ខេត្តចំនួន២២។ ខេត្តទាំងនោះរួមមាន ខេត្តបាត់ដំបង, ប៉ៃលិន, ពោធិ៍សាត់, កំពង់ឆ្នាំង, កោះកុង, ព្រះសីហនុ, កំពត, កែប, តាកែវ, កំពង់ស្ពឺ, សៀមរាប, ឧត្តរមានជ័យ, ព្រះវិហារ, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី, ព្រៃវែង និងស្វាយរៀង។
ក្រសួងសុខាភិបាលក៏បានណែនាំឲ្យអភិបាលខេត្តទាំងនោះ ត្រូវពិនិត្យ និងរៀបចំលក្ខណៈសម្បត្តិ និងពេលវេលាសមស្រប ដើម្បីដាក់ឲ្យដំណើរការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅផ្ទះក្នុងភូមិសាស្ត្រខេត្តនីមួយៗ។ សូមជម្រាបថា កន្លងមកក្រសួងសុខាភិបាលបានអនុញ្ញាតឲ្យរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តបន្ទាយមានជ័យ អ្នកគ្រប់គ្រង និងព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាលនៅតាមផ្ទះបាន។

