កីឡាករ ឡៅ ចន្រ្ទា ហៅអាសង្ហា ចង់ជួបជាមួយកីឡាករ ថៃ រិទ្ធី ជាថ្មីដោយវ៉ៃមិនពាក់ហ្គង់ តែរុំអំបោះឆៅ
មកពីក្លិបប្រដាល់គុនខ្មែរកងទ័ពពិសេសឆ័ត្រយោង៩១១ បង្ហាញពីមហិជ្ជតាចង់ជួបជាមួយកីឡាករ ថៃ រិទ្ធី អ្នកលេងកណ្តាប់ដៃមច្ចុរាជ ដើម្បីស្តារកេត្តិយសមកវិញ ក្រោយរងបរាជ័យ ដោយសន្លប់ត្រឹមទឹកទី៣ ។
ឡៅ ចន្រ្ទា សារភាពថា ខ្លួនពិតជាចាញ់កីឡាករ ថៃ រិទ្ធី ពិតប្រកដមែន ដោយសារតែកណ្តាប់ដៃ គេវាយចូលពេញៗធ្ងន់ៗ ធ្វើឲ្យខ្លួនបាត់បងស្មារតីមិនអាចតបតបាន ត្រូវបោះបង់ការប្រកួត ។ អ្នកលេងគុនខ្មែរទម្ងន់ធ្ងន់ ស្រុកខ្មែរស្ទើតែគ្មានគូប្រកួតរូបនេះ បានបញ្ជាក់ថា ទោះបីធ្លាប់រងបរាជ័យក្រោមកណ្តាប់ដៃរបស់ ថៃ រិទ្ធី យ៉ាងណាក្តី ក៏ខ្លួននៅតែចិញ្ចឹមចិត្តចង់ជួប ថៃ រិទ្ធីម្តងទៀត ដើម្បីស្តារកេត្តិយសយកមកវិញ លបលាងស្មាមដំបៅចាស់ ។

អ្នកលេងគុនខ្មែរមកពីខេត្តកំពង់ស្ពឺរូបនេះ អះអាងថា ប្រសិន កម្មវិធីប្រដាល់គុនខ្មែរអលស្តារ វគ្គ២ រៀបចំឲ្យជួប ថៃ រិទ្ធ មែននោះ ខ្លួនចង់ជួបគ្នាជាការប្រកួតរុំអំបោះឆៅ ជំនួសការប្រើហ្គង់ ។
សូមបញ្ជាក់ថា កាលពីជំនួបនៅសង្វៀនប្រដាល់ទូរទស្សន៍បាយ័ន ឡៅ ចន្រ្ទា បានសន្លប់បាត់បង់ស្មារតី ក្រោមកណ្តាប់ដៃ កីឡាករ ថៃ រិទ្ធី ក្នុងទឹកទី៣ ។

ការបរាជ័យនេះ បានធ្វើអោយ ឡៅ ចន្រ្ទា ចង់ ជួប ថៃ រិទ្ធី ជាថ្មីជាមួយនឹងការឡើងសង្វៀនប្រកួតមិនប្រើហ្គង់ តែរុំអំបោះឆៅ វិញ ប្រសិនបើ កម្មវិធីប្រដាល់គុនខ្មែរអលស្តារ វគ្គទី២ ដែលរៀបចំដោយលោក ស៊ុន អេលីត អ្នកចាត់ការទូទៅក្លិបប្រដាល់គុនខ្មែរនាយកដ្ឋានអង្គរក្ស រៀបចំជាថ្មី ៕

