លោកប្រាយុទ្ធនិយាយលួងពលរដ្ឋខ្លួនថា ប្រទេសផ្សេងឆ្លងខ្លាំងជាងថៃទៀត
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយប្រាប់ទៅប្រជាពលរដ្ឋខ្លួនថា ប្រទេសដទៃៗទៀតលើពិភពលោក កំពុងប្រឈមការរាតត្បាតជំងឺនេះ អាក្រក់ជាងថៃទៅទៀត។
ទីភ្នាក់ងារសារព័ត៌មាន CNA បានចេញផ្សាយ នៅថ្ងៃសុក្រ ទី៣០ ខែកក្កដាថា ក្នុងបទសម្ភាសន៍ពិសេសមួយ ថ្មីៗនេះ លោក ប្រាយុទ្ធ បានលើកឡើងថា ប្រសិនបើនិយាយពីការឆ្លងរាលដាលនៃ COVID-19 នៅក្នុងប្រទេសថៃ មើលទៅវាហាក់គួរឲ្យតក់ស្លុតខ្លាំងណាស់ ក៏ប៉ុន្តែលោកចង់ឲ្យពលរដ្ឋខ្លួន ព្យាយាមផ្តោតមើលតួលេខករណីឆ្លង និងស្លាប់ដោយសារជំងឺនេះ នៅតាមប្រទេសជិតខាង ក៏ដូចជាប្រទេសដទៃផ្សេងទៀត នៅជុំវិញពិភពលោកផង។
ជាមួយនឹងការនិយាយហាក់លួងដល់ប្រជាពលរដ្ឋនេះ ខណៈដែលថៃកំពុងកើនឡើងយ៉ាងគំហុកនៃករណីឆ្លង ដែលពីរសប្តាហ៍មកនេះ ស្ថិតនៅលើសជាង១ម៉ឺននាក់ ក្នុងមួយថ្ងៃក៏ដោយ លោកនាយករដ្ឋមន្រ្តីថៃ នៅតែប្រកាន់ជំហរថា កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលលោក ក្នុងការដោះស្រាយការឆ្លងរាតត្បាត COVID-19 មិនមែនជាបញ្ហាឡើយ ហើយលោកបាននិយាយថា ប្រទេសជាច្រើនផ្សេងទៀត ក៏មិនអាចគ្រប់គ្រងការរាតត្បាតជំងឺនេះបានដូចគ្នា។
ថៃមានឆ្លងករកណីកូវីដ១៩ សរុបនៅទូទាំងប្រទេសកើនដល់ ៥៧៨,៣៧៥នាក់ និងស្លាប់៤,៦៧៩នាក់ គិតត្រឹមថ្ងៃសុក្រ ទី៣០ កក្កដា ២០២១៕