ប្រទះឃើញសាកសពបុរសម្នាក់ស្លាប់អណ្តែតទឹក ក្បែរគល់ស្ពានតាហោ ក្រុងស្វាយរៀង
ស្វាយរៀង ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកមានចងដែកលួសនៅចង្កេះជាមួយនឹងកង់ ក្បែរគល់ស្ពានតាហោ បង្ករឲ្យមានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ពោធិហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ករណីប្រទះឃើញសាកសពបានជាជំហានដំបូងសមត្ថកិច្ចមិនទាន់កំណត់បានថា ជាករណីអ្វីពិតប្រាកដនោះទេ ដោយសមត្ថកិច្ចសន្និដ្ឋានបឋម គឺជនរងគ្រោះ អាចជិះកង់ធ្លាក់ចូលទឹកទន្លេស្លាប់តែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា៖ មានប្រជាពលរដ្ឋបានរាយការណ៍មកថាបានប្រទះឃើញសាកសពបុរសម្នាក់ស្លាប់អណ្តែតទឹកនៅចំណុចខាងកើតស្ពានពោធិ៍តាហោនោះ កម្លាំងសមត្ថកិច្ចជំនាញអធិការរដ្ឋាន ប៉ុស្តិ៍រដ្ឋបាល កម្លាំងជំនាញការិយាល័យខេត្ត និងវេជ្ជបណ្ឌិត យក់ ពុធវិសាល ចុះទៅដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យលើសាកសព។

ប្រភពបានបន្តទៀតថា៖តាមការបញ្ជាក់ពីក្រុមគ្រួសារនៃសព សាកសពមានឈ្មោះ ឌុន ចំរើន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបស់គ្មាន មានទីលំនៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ជាមនុស្សមានសតិមិនគ្រប់ បានចេញពីផ្ទះកាលពីថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០២០បាត់រហូតមកដល់ថ្ងៃទី១៩ទើបបានក្រុមគ្រួសារទទួលព័ត៌មានថាមានមនុស្សស្លាប់អណ្តែតទឹកទើបនាំមកមើលបានដឹងអត្តសញ្ញាណនៃសព។

បើតាមការសន្និដ្ឋានរបស់កម្លាំងជំនាញ និងលោកវេជ្ជបណ្ឌិត ពិនិត្យសាកសពគឺស្លាប់ដោយសារលង់ទឹក។ បច្ចុប្បន្នសាកសពបានប្រគល់ជូនគ្រួសារ នៃសពធ្វើបុណ្យតាមប្រពៃណី ៕

