ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងណែនាំដល់ក្រុមគ្រូពេទ្យត្រូវយកចិត្តទុកដាក់ ព្យាបាលអ្នកជំងឺប្រកបដោយវិជ្ជាជីវៈ
ស្វាយរៀង ៖ លោកវេជ្ជបណ្ឌិត កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានថ្លែងថាមន្ត្រីរាជការមន្ទីរពេទ្យទាំងអស់ត្រូវយកចិត្តទុកដាក់ ព្យាបាលអ្នកជំងឺប្រកបដោយក្រមសិលធម៌វិជ្ជាជីវៈ និងដោយសមធម៌ និងមិនត្រូវទារប្រាក់ក្រៅផ្លូវការឬទទួលសាគុណពីអ្នកជំងឺ ត្រូវអនុវត្តន៍បទបញ្ជាផ្ទៃក្នុងឲ្យបានម៉ឺងម៉ាត់ ជាពិសេសនោះត្រូវសាមគ្គីភាពផ្ទៃក្នងឲ្យបានល្អ។

ការថ្លែងលើកឡើងរបស់លោក កែ រដ្ឋា បែបនេះនៅក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០របស់មន្ទីរពេទ្យខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២០នេះដែលមានមន្ត្រីរាជការពេទ្យជាច្រើននាក់ផងដែរ។ លោក កែ រដ្ឋា បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរពេទ្យខេត្តស្វាយរៀង ដែលបានខិតខំបំពេញការងារក្នុងរយះពេលកន្លងមក និងបានរៀបចំកិច្ចប្រជុំនាពេលនេះ។

លោកបានបញ្ជាក់ថាដោយស្មារតីយកចិត្តទុកដាក់រួមចំណែកអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងដោយមានការអនុវត្តយ៉ាងហ្មត់ចត់នូវការគ្រប់គ្រង់គួបផ្សំនិងវិធីសាស្ត្រធ្វើបដិសណ្ឋាកិច្ចចំពោះអ្នកជំងឺបានល្អក្នុងរយៈពេលកន្លងមកទើបមន្ទីរពេទ្យខេត្តស្វាយរៀងបានក្លាយជាកន្លែងសំរាប់ធ្វើការដកពិសោធន៍សម្រាប់មន្ទីរពេទ្យបង្អែកនានាទូទាំងប្រទេសដែលអនុវត្តន៍ហិរញ្ញប្បទានដូចគ្នា។

លោកថាដើម្បីដំណើរការប្រព័ន្ធហិរញ្ញប្បទានសុខាភិបាល និងមូលនិធិសមធម៌សុខាភិបាលឲ្យកាន់តែប្រសើរថែមទៀតនោះមានកត្តាបីគឺទី១.ការពង្រឹងអភិបាលកិច្ចក្នុងមន្ទីរពេទ្យ ទី២.វិធីសាស្ត្រធ្វើបដិសណ្ឋារកិច្ច ប្រកបដោយអាកប្បកិរិយាល្អ រាក់ទាក់ ស្លូតបូតរបស់គ្រូពេទ្យ និងបុគ្គលិកពេទ្យចំពោះអ្នកជំងឺ។ ទី៣.គឺការខិតខំបង្កើនបច្ចេកវិទ្យាក្នុងការថែទាំសង្គ្រោះអ្នកជំងឺឲ្យអស់ពីចិត្តពីថ្លើមនៅតែជាប្រធានបទគន្លឹះចំបងសំរាប់បន្តនិរន្តភាពនៃការជឿជាក់ទុកចិត្តរបស់ក្រសួង អាណាព្យាបាលក៏ដូចជាការទាក់ទាញនូវការជួយឧបត្ថម្ភទ្រទ្រង់ខាងហិរញ្ញវត្ថុរបស់សប្បុរសជន និងអង្គការនានាបន្ថែមទៀត។

លោក កែ រដ្ឋា បានបន្តថាមិនតែប៉ុណ្ណោះក្រុមគ្រូពេទ្យត្រូវយកចិត្តទុកដាក់រៀបចំឯកសារអ្នកជំងឺដោយអនុវត្តន៍ទៅតាមសេចក្តីណែនាំសំណុំសកម្មភាពបង្គ្រប់កម្រិត៣ ផ្សព្វផ្សាយ និងផ្តល់ព័ត៌មានត្រលប់ឲ្យបានទូលំទូលាយដល់អតិថិជន ដែលបានចូលមកប្រើប្រាស់សេវាក្នុងមន្ទីរពេទ្យ ជាពិសេសនោះត្រូវព្យាយាមដោះស្រាយរាល់សំណូមពររបស់អតិថិជន។

ជាមួយនេះលោកវេជ្ជបណ្ឌិតកែ រដ្ឋាក៏អំពាវនាវដល់អង្គការជាតិ អង្គការក្រៅរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ មេត្តាជួយបំពេញបន្ថែមនូវករណីអនុគ្រោះចំពោះប្រជាជនក្រីក្រ ដើម្បីឲ្យមន្ទីរពេទ្យខេត្តស្វាយរៀងយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដំណើរការងារហិរញ្ញប្បទានសុខាភិបាលជាបន្តទៅទៀតផងដែរ៕

