កុមារនិងយុវវ័យជាច្រើននាក់បានមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុ
នៅព្រឹកថ្ងៃទី០១ខែសីហាឆ្នាំ ២០២១ ប្រជាពលរដ្ឋជាឪពុកម្ដាយឬអ្នកអាណាព្យាបាលកុមារដែលមានអាយុចាប់ពី ១២ ឆ្នាំដល់ក្រោម ១៨ ឆ្នាំបាននាំកូនចៅមកទទួលវ៉ាក់សាំងនៅតាមទីកន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នៅតាមទីតាំងដែលអាជ្ញាធរបានរៀបចំជូនការផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ បានអនុវត្តតាមវិធានការសុវត្ថិភាព នៅពេលរាជរដ្ឋាភិបាលបានបើកជាផ្លូវការការផ្តល់វ៉ាក់សាំងជូនកុមារនិងយុវវ័យចាប់ពីអាយុ១២ឆ្នាំ រហូតដល់ក្រោម១៨ឆ្នាំ។
មាតាបិតា អាណាព្យាបាល និងយុវវ័យទាំងឡាយ បង្ហាញភាពកក់ក្តៅនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់លើ សុខទុក្ខប្រជាជនរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃដើម្បីទប់ស្កាត់នូវការឆ្លងជំងឺកូវីដ-១៩។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុអំពាវនាវមាតាបិតាអ្នកអាណាព្យាបាលកុមារយុវវ័យដែលមានអាយុចាប់ពី ១២ ដល់អាយុក្រោម១៨ឆ្នាំ ឆ្នាំសូមនាំកូនចៅរបស់ខ្លួនមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ឲ្យបានគ្រប់គ្នា។
ទន្ទឹមនេះ ឯកឧត្តម បានរំលឹកថាគ្រប់គ្នាត្រូវចូលរួមអនុវត្តឲ្យបានខ្ចប់ខ្ជួននៅវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល វិធានការរដ្ឋបាលនិងគោលការណ៍ “៣ការពារ ៣កុំ” របស់សម្តេចតេជោហ៊ុនសែន ដើម្បីទប់ស្កាត់ការពារកុំអោយឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍យើង៕









