កម្ពុជារកឃើញរុសកូវីដ-១៩ បំប្លែងថ្មីដែលតាជាង ១០០ករណីបន្ថែមទៀត ដែលនាំឲ្យមានចំនួនអ្នកឆ្លងសរុបជាង ២២៣នាក់ហើយ
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២សីហាឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន១០៩ករណី ក្នុងនោះនៅថ្ងៃទី៣១កក្កដាមានចំនួន៤៣ករណី និងនៅថ្ងៃទី១សីហាឆ្នាំ២០២១មានចំនួន៦៦ករណី។ ក្នុងចំណោមអ្នកឆ្លងទាំងទាំង១០៩នាក់នោះ ជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនកម្ពុជា-ថៃចំនួន៣៤នាក់, បុគ្គលិកសុខាភិបាល៩នាក់នៅខេត្តឧត្តរមានជ័យ។
នៅរាជធានីភ្នំពេញរកឃើញចំនួន៥នាក់ ក្នុងនោះមានពលករត្រឡប់មកពីប្រទេសថៃម្នាក់ស្នាក់នៅមណ្ឌលព្យាបាលសែនសុខ, អ្នកជំងឺផ្នែករោគស្ត្រីនៅមន្ទីពេទ្យកាល់ម៉ែត្រម្នាក់ , នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមាន២នាក់ ដោយម្នាក់ជាបុគ្គលិកផ្នែកអនាម័យ និងម្នាក់ទៀតជាអ្នកជំងឺសង្គ្រោះបន្ទាន់ និងអ្នកដំណើរបរទេសមកពីប្រទេសម៉ាឡេស៊ីម្នាក់។ អ្នកត្រឡប់មកពីប្រទេសថៃ ត្រូវបានរកឃើញខេត្តប៉ៃលិន, បាត់ដំបង, បន្ទាយមានជ័យ ,ឧត្តរមានជ័យ,សៀមរាប, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ និង ព្រៃវែង។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យម៉ម ប៊ុន ហេង បានក្រើនរំលឹក និងអំពាវនាវដល់សាធារណជន នៅទូទាំងប្រទេសកម្ពុជាឲ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ និង៣កុំ។ ក្រសួងសុខាភិបាលបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី៣១មីនាដល់ថ្ងៃទី១សីហាឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ប្រភេទដែលតា Delta សរុប២២៣នាក់ហើយ។




