មេដឹកនាំយោធាមីយ៉ាន់ម៉ាសន្យាថា នឹងរៀបចំការបោះឆ្នោត និងត្រៀមខ្លួនរួចរាល់ដើម្បីធ្វើការជាមួយអាស៊ាន
មីយ៉ាន់ម៉ា៖ មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង នៅថ្ងៃអាទិត្យម្សិលមិញ បានសន្យាជាថ្មីម្តងទៀតអំពីការបោះឆ្នោតពហុបក្ស ហើយថា រដ្ឋាភិបាលរបស់លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយបេសកជនពិសេសណាមួយ ដែលត្រូវបានជ្រើសរើសដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។
មេដឹកនាំយោធាមីយ៉ាន់ម៉ារូបនេះបានសង្កត់ធ្ងន់ថា យើងនឹងដកចេញវិញនូវបទបញ្ញតិនៃការប្រកាសដាក់រដ្ឋក្នុងភាពអាសន្ននៅក្នុងខែសីហា ឆ្នាំ២០២៣ខាងមុខ ហើយលោកបានសន្យាថា នឹងរៀបចំការបោះឆ្នោតពហុបក្ស ។ លោក មីន អោង ហ្លេង បាននិយាយបែបនេះនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ ពោលគឺរយៈពេលប្រាំមួយខែបន្ទាប់ពីកងយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូជី ។
សូមជម្រាបផងដែរថា បណ្តារដ្ឋមន្រ្តីការបរទេសអាស៊ាននឹងជួបប្រជុំនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ នៅពេលដែលអ្នកការទូតនិយាយថា ពួកគេមានបំណងចាត់បេសកជនពិសេសដែលមានភារកិច្ចដើម្បីបញ្ចប់អំពើហិង្សា និងលើកកម្ពស់ការសន្ទនារវាងរបបយោធា និងក្រុមប្រឆាំង ៕ ប្រភព៖ Reuters


