អ្នកនាំពាក្យក្រសួងការបរទេស៖ក្រុមការងារស្ថានទូតកម្ពុជានៅថៃរៀបចំឃីតចំនួន៥.០០០កញ្ចប់ចែកជូនពលករខ្មែរ ដែលជួបការលំបាកខ្លាំង
ភ្នំពេញ : ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែសីហានេះថា ក្រុមការងារស្ថានទូតកម្ពុជានៅប្រទេសថៃ បាននិងកំពុងបន្តសហការជាមួយក្រុមការងារក្រុមការងារទឹកចិត្តពលករនៅថៃរៀបចំឃីតចំនួន៥.០០០ កញ្ចប់ (អង្ករ មី ត្រីខកំប៉ុង ថ្នាំពេទ្យ) ដើម្បីបន្តចុះចែកជូនដល់បងប្អូនពលករខ្មែរ ដែលជួបការលំបាកនៅតាមបណ្តាខេត្តនានានៅថៃ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ប្រាប់ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ បានខិតខំសហការជាមួយអាជ្ញាធរពាក់ព័ន្ធថៃឱ្យជួយមើលថែទាំដោយយកចិត្តទុកដាក់ពលករណាដែលឆ្លងជំងឺកូវីដ និងបានទាក់ទងជាប្រចាំរោងចក្រសហគ្រាសក្រុមហ៊ុនឱ្យផ្គត់ផ្គង់អាហារគ្រប់គ្រាន់ដល់ពលករដែលស្ថិតក្នុងតំបន់បិទខ្ទប់ ហើយស្ថានទូតតែងយកគ្រឿងឧបភោគបរិភោគមួយចំនួនចែកជូនពលករដែលជួបការលំបាកខ្លាំង។

ឯកឧត្តម កុយ គួង បានបញ្ជាក់ទៀតថា ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ បានខិតខំប្រឹងប្រែងតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។ ពលករខ្មែរយើងនៅប្រទេសថៃមានចំនួនជាងមួយលាននាក់។ ចំណែកស្ថានទូតកម្ពុជាប្រចាំនៅថៃ ក៏បានជូនដំណឹងស្តីពីការសហការផ្អាកការធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅរបស់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃឆ្ពោះមកព្រំដេនកម្ពុជា-ថៃ ចំនួន១៤ថ្ងៃ។
ប្រសិនជាបងប្អូនពលករមានបញ្ហានៅកន្លែងធ្វើការ ឬមានបញ្ហាជីវភាពលំបាកខ្លាំង គឺអាចទំនាក់ទំនងទៅស្ថានឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ តាមរយៈលេខទូរស័ព្ទ៖ 092 8050 561 094 0925 905 062 1413 009 086 7999 957 ឬតាមរយៈតេឡេក្រាម «ជំនួយកូវីដ-១៩ នៅថៃ» តំណរភ្ជាប់៖ https://t.me/helpkhmerinthailand
ស្ថានទូតបន្តថា ចំពោះបងប្អូនពលករដែលសង្ស័យថាខ្លួនមានវិជ្ជមានកូវីដ-១៩ ឬមានវិជ្ជមានកូវីដ-១៩ កម្រិតស្រាល ហើយមិនទាន់ដឹងថាត្រូវទំនាក់ទំនងទៅផ្នែកណាអាចពិគ្រោះយោបល់ តាមរយៈតេឡេក្រាម « ពិគ្រោះកូវីដ-១៩ នៅថៃ» តំណរភ្ជាប់៖ https://t.me/consultcovidinthailand ជាមួយគ្នានេះ ស្ថានទូតសូមបងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់ជ្រាបជាព័ត៌មាន និងសូមកុំធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅបច្ចុប្បន្នរបស់ខ្លួនឱ្យសោះ ដើម្បីចៀសវាងប្រឈមនឹងវិធានការច្បាប់នានា និងចៀសវាងការចម្លងជំងឺកូវីដ-១៩ ដល់មិត្តភក្តិ និងក្រុមគ្រួសារ៕
ដោយៈ ពលជ័យ